(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ថវិកាដែលទទួលបានពីការបរិច្ចាគកន្លងមកចំនួន ៨,០០០,០០០,០០០ (ប្រាំបីប៊ីលាន) រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីប្រើប្រាស់ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដល់កុមារ និងទារកដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។

ការប្រគល់ជូននេះ ធ្វើឡើងនៅរសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាកិច្ចសហប្រតិបត្តការ និងការគាំទ្រជាបន្តបន្ទាប់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ចំពោះកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំង ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ និងការបរិច្ចាគ របស់សប្បុរសជន ដើម្បីចូលរួមសម្រេចនូវបេសកកម្មដ៏ចម្បង និងតែមួយគត់របស់មូលនិធិ គឺការធានាចីរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងករណីសាធារណជន មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុន មកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារ អាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖
* ធនាគារកាណាឌីយ៉ា
* ធនាគារអេស៊ីលីដា
* ធនាគារ ABA
* ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
* ភ្នាក់ងារវេប្រាក់ TrueMoney
* ភ្នាក់ងារវេប្រាក់ DaraPay ឬទំនាក់ទំនងមកលេខាធិកាដ្ឋាន ដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ www.ckf.org.kh៕