(ស្វាយរៀង)៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានធ្វើការប្រកាសទទួលស្គាល់ លោក ស៊ូ ម៉ុល ជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក ជំនួសលោក អ៊ុក ហាន។

លោក ម៉ែន វិបុល ប្រធានគណបក្សខេត្ត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ក្រោមគោលនយោបាយនៃមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមនិងថ្នាក់ដឹកនាំកំពូលៗ របស់គណបក្ស បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្សដែលធំជាងគេ និងមានប្រជាប្រិយភាពព្រមទាំង មានការគាំទ្រដ៏ច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋ។

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ក៏បានផ្តាំផ្ញើដល់ប្រធានគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រកាសទទួលស្គាល់ នាព្រឹកនេះ ត្រូវខិតខំប្រឹងប្រែងដឹកនាំកសាងស្រុក ឲ្យមានការរីកចម្រើនថ្មីៗ បន្ថែមទៀត។

លោកថា លើសពីនេះ ត្រូវបង្កើនការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យបានកាន់តែរឹងមាំ ដោយឈលើមាគ៌ាមហាជនរបស់គណបក្ស ទាំងខាងនយោបាយ និងសតិអារម្មណ៍ និងការចាត់តាំងដោយឈរ លើគោលការណ៍ និងត្រូវបន្តការសហការ និងមានទំនាក់ទំនងល្អជាប់ជានិច្ច ជាមួយសមាជិក-សមាជិកា គណបក្សនៅគ្រប់មូលដ្ឋាន ដើម្បីចូលរួមដោះស្រាយនូវបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងចំគោលដៅ។

លោកបានបន្តថា ត្រូវចុះជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់ នូវបញ្ហាប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងត្រូវរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយសម្រួល ឲ្យបានទាន់ពេលវេលា។ អាជ្ញាធរឃុំ និងកម្លាំងប្រដាប់អាវុធ ត្រូវបន្តការយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យទទួលបានលទ្ធផលជោគជ័យ និងការការពារសន្តិសុខ សណ្តាប់ល្អប្រសើរ ជូនប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា អាជ្ញាធរស្រុកត្រូវពង្រឹងការ តាមដានគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការចាត់វិធានការពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីទួលមានសុវត្ថិភាព ដែលមានស្រាប់ ក្នុងករណីមានទឹកជំនន់កើតឡើងជាយថាហេតុ។ ហាមដាច់ខាតចំពោះប្រជាពលរដ្ឋជួលដី ឲ្យទៅប្រជាជនប្រទេសជិតខាង និងត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិផ្សេងដូចជា បាតុភូត ផ្គររន្ទះជាដើម៕