(ភ្នំពេញ)៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គោលនយោបាយលើកទឹកចិត្តលើវិស័យឯកជនរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កលក្ខណៈងាយស្រួលដល់បណ្តាក្រុមអ្នកធុរកិច្ចជាតិ និងអន្តរជាតិ ដោយបន្តសម្រុកមកវិនិយោគលើវិស័យនានានៅកម្ពុជា ខណៈពេលនេះ ក្រុមហ៊ុនចម្រុះរបស់ប្រទេសជប៉ុន ចំនួន២៧ក្រុមហ៊ុន បានបន្តចាប់ដៃគូរ ជាមួយធុរកិច្ចជនក្នុងស្រុក និងសម្លឹងមើលទីផ្សារ នៅកម្ពុជា។

ការលើកឡើងបែបនេះ របស់លោកស្រី តឹករ៉េត កំរង បានធ្វើឡើងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកស្រី បានអញ្ជើញជាអធិបតីភាពបើកវេទិកាពិភាក្សា និងការបង្កើតទំនាក់ទំនងធុរកិច្ច រវាងសភាយុវពាណិជ្ជកម្មអន្តរជាតិកម្ពុជា-ជប៉ុន លើកទី១ ឆ្នាំ២០១៩ ដែលមានការអញ្ជើញចូលរួមពីសំណាក់ធុរកិច្ចជប៉ុន និងកម្ពុជាយ៉ាងច្រើន នៅសណ្ឋាគារ សូហ្វីលតែល រាជធានីភ្នំពេញ។

មន្ត្រីជាន់ក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាល ក៏មានគោលនយោបាយ មានច្បាប់បញ្ញត្តិដើម្បីលើកស្ទួយសម្របសម្រួលលើកទឹកចិត្តឱ្យវិស័យឯកជន ឱ្យអ្នកធុរកិច្ច អ្នកវិនិយោគបានប្រកបអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ដោយមានទំនុកចិត្តខ្ពស់»។

លោកស្រី តឹករ៉េត កំរង បានបន្តថា ស្ថានភាពនយោបាយ ស្ថិរភាពនេះហើយ ទើបធ្វើឱ្យបណ្តាលអ្នកវិនិយោគិនបរទេសច្រើនឡើងៗ បន្តសម្រុកចូលរកស៊ីនៅកម្ពុជា ដែលបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនកម្ពុជា ស្វែងរកការងារធ្វើ ហើយប្រទេសកម្ពុជា បច្ចុប្បន្ននេះ មានកម្លាំងពលកម្មវ័យក្មេង មានសក្តានុពល មានភាពវ័យឆ្លាតយ៉ាងច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ ហើយការមកវិនិយោគ របស់ក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនជប៉ុននៅកម្ពុជា ដោយតែសារពួកគេទាំងអស់នោះ ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។

លោកស្រីបានបន្ថែមទៀតថា បន្ទាប់ពីកម្ពុជាទទួលបានសុខភាពរហូតដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនតូច ធំ មធ្យម សហគ្រាសរបស់ជប៉ុន ជាង១៧០០ក្រុមហ៊ុន បានមកដាក់ទុនវិនិយោគ។ ដោយឡែក បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC នៅក្នុងឆ្នាំ២០១៨ និង២០១៩ មានក្រុមហ៊ុនជប៉ុន តូច-ធំ ជិត២០០ក្រុមហ៊ុន បានមកវិនិយោគនៅកម្ពុជា លើវិស័យផ្សេងៗដូចជា៖ វិស័យបច្ចេកវិទ្យាអេឡិចត្រូនិច បរិក្ខាយានយន្ត ថ្នាំពេទ្យ ទីផ្សារ និងទេសចរណ៍ជាដើម។

លោកស្រី តឹករ៉េត កំរង បានបញ្ជាក់ថា តាមរយៈវេទិកានេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់សហគ្រិនវ័យក្មេងកម្ពុជា និងជប៉ុន ដែលនេះជាវេទិកាឈ្នះ-ឈ្នះទាំងអស់ រវាងអ្នកធុរកិច្ចទាំងពីរ ជាពិសេសវានឹងអាចចូលរួមលើកកម្ពុជា ជីវភាពរបស់ប្រជាជនកម្ពុជា បន្ថែមទៀតផងដែរ។

លោក Miyao Masagiro ប្រធានអ្នកសម្របសម្រួល Jetro របស់ជប៉ុន បានអះអាងថា លោកមានទំនុកចិត្តខ្ពស់ខ្លាំងណាស់ សម្រាប់កៀរគរ ក្រុមអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុននៅកម្ពុជា ព្រោះលោកជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ននេះ តាមរយៈគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសក្រុមអ្នកវិនិយោគិនបរទេស។ ដោយឡែកក្រុមហ៊ុនជប៉ុនចំនួន២៧ ដែលមកជួបពិភាក្សាគ្នានៅកម្ពុជាថ្ងៃនេះ គឺមានក្រុមហ៊ុនធានារ៉ាប់រង ធនាគារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច សុខាភិបាល និងវិស័យអប់រំ ជាដើម៕