(ព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដបុកម៉ូតូសណ្តោងរ៉ឺម៉ក ទិសដៅស្របគ្នាបណ្តាលឲ្យឪពុកស្លាប់នៅនឹងកន្លែង ឯម្តាយរងរបួសធ្ងន់ធ្ងរ និងកូនចំនួន២នាក់ ក៏រងរបួសស្រាលនៅផ្លូវជាតិលេខ០៤ ស្ថិតឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។

មន្ត្រីនគរបាលស្រុកកំពង់សិលាបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងរវាងរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ក្នុងទិសដៅស្របគ្នា ខេត្តព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ។

មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍១កើតឡើង រវាងរថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-8609 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) លុះមកដល់ចំនុចខាងលើ បានបុកម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ សណ្តោងរ៉ឺម៉កក្នុងទិសដៅស្របគ្នា។

ជនរងគ្រោះមានឈ្មោះ ឈៀង ប៊ុនធឿន (ជាអ្នកបើកបរម៉ូតូរម៉ក បានស្លាប់នៅនឹងកន្លែង) ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរ ខេត្តព្រៃវែង។ ចំណែកប្រពន្ធ និងកូនចំនួន២នាក់ មានឈ្មោះ សាក់ សេង រងរបួសធ្ងន់ (ប្រពន្ធ), ឈ្មោះ ធឿន ធេប រងរបួសស្រាល (កូន), ឈ្មោះ ធឿន ធីម រងរបួសស្រាល (កូន)។ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល។

បច្ចុប្បន្ននេះ សាកសពបានប្រគល់ជូន បងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា រងចាំការដោះស្រាយ និងស្រាវជ្រាវបន្ត តាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក៕