(កណ្តាល)៖ សិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងស្រុកកោះធំ ខេត្តកណ្តាលសរុប ៥១៩នាក់ ទទួលបានរង្វាន់លើកទឹកចិត្ត និងដំបូន្មានមួយចំនួនពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាប្រធានគណៈពង្រឹងការងារនៅក្នុងស្រុកកោះធំ។ សិស្សដែលជាប់និទ្ទេសទូទៅទទួលបានថវិកាម្នាក់ៗ ១០ម៉ឺនរៀល ខណៈសិស្សជាប់និទ្ទេស A ពីរនាក់ទទួលបានម៉ូតូម្នាក់មួយគ្រឿង។

លោកគ្រូ អ្នកគ្រូក្នុងស្រុកកោះធំប្រមាណ ៣៦នាក់ ក៏ទទួលបានថវិកាលើកទឹកចិត្តម្នាក់ៗ ២០ម៉ឺនរៀលផងដែរ។ ពិធីប្រគល់ប្រាក់លើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបនេះ បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងមានមោទនភាពជាអនេកចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ដែលបានរួមគ្នាសម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់នេះ។ លោកបន្តថា ទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេ សេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួមជាមួយការលើកទឹកចិត្តផ្សេងៗទៀត ដែលនាំដល់ការទទួលបាននូវលទ្ធផលវិជ្ជមានសម្រាប់សិស្សានុសិស្សទាំងអស់នេះ។

លោកទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស បន្តនូវការប្រឹងប្រែងសិក្សា ដើម្បីទទួលបានជោគជ័យ និងការរីកចម្រើនរបស់ខ្លួន និងបន្តដំណើរឆ្ពោះទៅមុខទៀតទៅកាន់ថ្នាក់ឧត្តមសិក្សា ឬមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាបាននូវការកសាងអនាគតមួយភ្លឺស្វាងសម្រាប់ខ្លួនឯង ក៏ដូចជាប្រទេសជាតិរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា សិស្សានុសិស្សក្នុងស្រុកកោះធំដែលបានប្រឡងបាក់ឌុបនៅឆ្នាំ២០១៩នេះ មានចំនួនសរុប ៧២៩នាក់។ ក្នុងនោះប្រឡងជាប់ ៥១៩នាក់ ស្មើនឹង ៧១,១៩% នៃចំនួនសិស្សទាំងអស់ បើធៀបអត្រាថ្នាក់ជាតិការប្រឡងទូទាំងប្រទេសបានចំនួន ៦៨,២%៕