(កំពង់ធំ)៖ នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានតំបន់​ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៥ បានចេញញ្ញត្តិ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ សម រង្ស៉ី ដែលបានប្រមាថយ៉ាងគឃ្លើនបំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងញ្ញត្តិថ្កោលទោស របស់បញ្ជាការដ្ឋានតំបន់​ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៥ បានបញ្ជាក់ថា «ការលើកឡើងរបស់ ទណ្ឌិត សម រង្សី ក្នុងបទសម្ភាសន៍នោះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរលើអង្គ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈរបស់ប្រជាជនខ្មែរ និងបំពានរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ មិនអាចទទួលយកបាន។ នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានតំបន់​ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៥ ទាំងមូលសូមប្រកាសថ្កោលទោសយ៉ាងពេញទំហឹង និងសូមអំពាវនាវឲ្យស្ថាប័នមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនក្បត់ជាតិនេះ ឲ្យបានធ្ងន់ធ្ងរជាទីបំផុត»។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្រ្តីនៃកម្ពុជា បានគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបន្តការពារយ៉ាង ប្តូរផ្តាច់បំផុត ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពស្រឡាញ់ស្មើ ជីវិតរបស់ប្រជារាស្ត្រខ្មែរ ទូទៅ ដោយមិនឲ្យនរណារំលោភបំពាន បានជាដាច់ខាត។

សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៉ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»