(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃបុណ្យកាន់បិណ្ឌ ទី២ បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។
ជាមួយគ្នានេះក្រៅពីជូនពរ ដល់បងប្អូនជនរួមជាតិហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏នៅតែណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរណ៍អោយបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅគ្រប់ទីកន្លែងទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «អនុមោទនាបុណ្យកាន់បិណ្ឌ ថ្ងៃទី២ ! នៅក្នុងថ្ងៃកាន់បិណ្ឌទី២នេះ សូមបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងប្រទេសទទួល បាននូវបុណ្យកុសល និងជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ ដោយសារសន្តិភាព និងស្ថិរភាពពេញលេញ ទើបយើងមានឱកាសប្រារព្ឋពិធីបុណ្យតូចធំនៅក្នុងប្រទេសជាតិបាន។
សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរណ៍អោយបានចូលរួម ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅគ្រប់ទីកន្លែងទូទាំងប្រទេស ។ សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ»៕