(ពោធិ៍សាត់)៖ កម្លាំងនគរបាល នៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ត្រី មាស ប៊ុនធឿន នាយរងការិយាល័យ សហការជាមួយកម្លាំងនគរបាលស្រុកក្រគរ ស្រុកកណ្តៀង ស្រុកបាកាន និងមន្ត្រីរដ្ឋបាលជលផល បានចុះបង្រ្កាបឧបករណ៍នេសាទ ល្មើសច្បាប់ជលផល ក្នុងរដូវបិទនេសាទ នៅលើផ្ទៃទឹកបឹងទន្លេសាប ភូមិសាស្ត្រខេត្តពោធិ៍សាត់។

ប្រតិបត្តិការខាងលើ ធ្វើឡើងរយៈពេល៣ថ្ងៃ រួមមាន៖

* ថ្ងៃទី១៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីចំណុចភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ចំណុចក្រចាប់ ភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ជាលទ្ធផលរឹបអូស បានឧបករណ៍នេសាទល្មើសច្បាប់ រួមមាន៖ របាំងសាច់អួន ៥ខ្សែ ប្រវែង២,៨០០ម៉ែត្រ, របាំងស្បៃមុង២ខ្សែ, ប្រវែង៣១០ម៉ែត្រ, ក្បាលបរ១០គ្រឿង, លូកងសាច់អួន ៤គ្រឿង, បង្គោលចំរឹង៣,១០០ដើម ចាក់លែងត្រី និងកូនត្រីចចម្រុះ១២០គីឡូក្រាម។

* ថ្ងៃទី២៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីចំណុចកាឡុក ចាន់លម ព្រែកកំពង់គុជ ភូមិព្រែក និងចំណុចបឹងបី ជ្រោយមន្នី បាត់ឈូង ភូមិចារុះ ឃុំរាំងទិល ស្រុកកណ្តៀង។ ជាលទ្ធផលរឹបអូស បានឧបករណ៍នេសាទ ល្មើសច្បាប់ រួមមាន៖ របាំងសាច់ម៉ុង៦ខ្សែ, ប្រវែង២,៩០០ម៉ែត្រ, របាំងសាច់អួន៦ខ្សែ, ប្រវែង៣,៥០០ម៉ែត្រ, ក្បាលបរ៥គ្រឿង, លូកងស្បៃម៉ុង៦មាត់, បង្គោលចំរឹង៥,៩០០ដើម ចាក់លែងត្រី និងកូនត្រីចចម្រុះ ២៩៥គីឡូក្រាម។

* ថ្ងៃទី៣៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីចំណុចបឹងផ្សោត ខ្នាច ដងឡម យាយមាស ព្រែកកំបុត កន្ត្រោស ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន។ ជាលទ្ធផលរឹបអូសបានឧបករណ៍នេសាទល្មើសច្បាប់ រួមមាន៖ របាំងសាច់អួន ១១ខ្សែ ប្រវែង៤៧០០ម៉ែត្រ, ក្បាលបរ ៧គ្រឿង, លូកងសាច់អួន ៣គ្រឿង, បង្គោលចំរឹង ៣២៥០ដើម ចាក់លែងត្រី និងកូនត្រីចចម្រុះ ១៧២គីឡូក្រាម និងបានធ្វើកិច្ចសន្យាអ្នកប្រព្រឹត្តបទល្មើស ចំនួន២នាក់ ឈ្មោះ វ៉ាន់ សាវុធ ភេទប្រុស អាយុ៥៦ឆ្នាំ និង ឈ្មោះ វ៉ាន់ ឃឿម ភេទប្រុស អាយុ៤៣ឆ្នាំ។ ទាំង២នាក់ រស់នៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី មាស ប៊ុនធឿន នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រចាំការនៅលើផ្ទៃទឹកបឹងទន្លេសាប បានឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ទាំង៣ស្រុកខាងលើ ធ្វើឡើងដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកស្នងការនគរបាលខេត្ត ព្រមទាំងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

លោកនាយរងការិយាល័យ ក៏បានឲ្យដឹងទៀតថា ឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ព្រមទាំងបានចាក់លែងកូនត្រីចម្រុះ ជាច្រើនម៉ឺនក្បាល ចូលទៅក្នុងបឹងទន្លេសាបវិញ។

បើតាមមន្ត្រីរដ្ឋបាលជលផល បានឲ្យដឹងផងដែរថា នៅក្នុងរយៈពេលបិទនេសាទ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងជើងខ្សែ ស្របទន្លេចតុមុខ ដែលរួមមាន ខេត្ត ទាំងអស់ជុំវិញបឹងទន្លេសាប អ្នកនេសាទទាំងអស់ត្រូវប្រើប្រាស់ តែឧបករណ៍នេសាទគ្រួសារ ដែលមានចែងក្នុងប្រកាស លេខ ៤៥៨ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ប៉ុណ្ណោះ។ ចំពោះឧបករណ៍ អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នក់ មិនអនុញ្ញាតឲ្យប្រើឡើយ ក្នុងរដូវបិទនេសាទនេះ ដោយឡែកឧបករណ៍ មងអាចធ្វើនេសាទបានតែប្រវែង១០០ម៉ែត្រប៉ុណ្ណោះ៕