(កំពង់ចាម)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងសហការី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានធ្វើដំណើរទៅកាន់ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យនៅស្ថានភាព ជញ្ជាំងការពារច្រាំងទន្លេ ដែលទើបបានបញ្ចប់ការងារថ្មីៗ មុនទឹកជំនន់ឡើងមកដល់។ ជាក់ស្តែងសំណង់ បានធានានូវស្ថេរភាពរឹងមាំបានល្អប្រសើរ។

បន្ទាប់ពីត្រួតពិនិត្យរួមមក លោករដ្ឋមន្ដ្រី ក៏បានចូលរួម ក្នុងពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ នៃឃុំជីរោរទី១ និងទន្លេបិទចំនួន ២៥០៥គ្រួសារ ក្រោមអធិបតីភាពរបស់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ ដែលជាតំណាងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជួបប្រទះនូវវិបត្តិទឹកជំនន់ក្នុងពេលកន្លងមក។

ក្រោយមកទៀតលោករដ្ឋមន្ដ្រី លឹម គានហោ បានបន្តដំណើរតាមរយៈអូប័រ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីវាយតម្លៃឥទ្ធិពល នៃការលិចលង់ក្នុងរយៈកន្លងមក៕