(កណ្តាល)៖ បន្ទាប់ពីប្រគល់ដីឡូត៍ ជូនអតិថិជន២លើករួចមក នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយកក្រុមហ៊ុន 7NG Group Co,.Ltd តំណាងលោកឧកញ៉ា ស្រីសុធា បន្តប្រគល់ជូន ដីឡូត៍លើកទី៣ ចំនួន២,៥០០ឡូត៍ទៀត ជូនដល់អតិថិជន ដោយមានការចូលរួមពីលោក ម៉េង ឈាងហេង មេឃុំវិហារសួរគ៍ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួមទាំងអថិតិជនជាច្រើននាក់។

លោកឧកញ៉ា ស្រី ចន្ធូ បានបញ្ជាក់ថា ក្រោមការដឹកនាំ ដោយភាពរឹងមាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យប្រទេសកម្ពុជា ពោរពេញញដោយសុខសន្ដិភាព មានស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ឥតឈប់ឈរ។

លោកឧកញ៉ាថា ជាក់ស្ដែងតាមរយៈសន្ដិភាពនេះហើយ បានធ្វើឲ្យក្រុមហ៊ុន 7NG Group ទទួលបាននូវការគាំទ្រជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋជាច្រើន បានមកធ្វើការទិញដីឡូតិ៍ ពីដំណាក់កាលទី១ រហូតមកដល់ដំណាក់ ការចុងក្រោយ និងរហូតមកដល់ដំណាក់ការនេះ ក្រុមហ៊ុនបានធ្វើការប្រគល់ជូនប្លង់ដីឡូតិ៍ យ៉ាងពិតប្រាកដដោយពុំមានបោកប្រាស់ ឬធ្វើខុសតាមអ្វីដូចការលើកឡើង របស់ជនខិលខូចមួយចំនួន បានផ្សព្វផ្សាយនោះឡើយ ហើយផ្ទុយទៅវិញ ក្រុមហ៊ុនបានខិតខំបំពេញជូន តាមតម្រូវការរបស់អតិថិជនគ្រប់យ៉ាង។

លោកឧកញ៉ា ស្រី ចន្ធូ បន្ដទៀតថា ក្រុមហ៊ុន 7NG Group បានចូលរួមចំណែកជាមួយរាជ្ឋាភិបាលជាច្រីន ដែលមានដូចជា៖ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បេតុងខ្វាត់ខ្វែងជាច្រើន ឆ្លងកាត់ពីភូមិមួយទៅភូមិមួយ, រោងចក្រចំនួន២០រោងចក្រ, រៀបចំបង្កើតប្រព័ន្ធទឹកភ្លើង ពិសេសរួមទាំងជួយផ្សព្វផ្សាយ ទៅដៃគូវិនិយោគមួយចំនួនទៀតផង។

លោក ម៉េង ឈាងហេង បានបញ្ជាក់ថា ក្រុមហ៊ុន 7NG Group ពិតជាក្រុមហ៊ុន ដែលអភិវឌ្ឍន៍ពិតប្រាកដ មិនដូចជាការលើកឡើងថា ក្រុមហ៊ុនពុំមានដីឡូត៍ជូនអតិថិជននោះទេ ផ្ទុយទៅវិញក្រុមហ៊ុន បាននឹងកំពុងបន្តប្រគល់ជូនអថិជន ដែលមានដីឡូត៍ដែលបានទិញរួចផងដែល។

គួរជម្រាបថា កាលពីពេលកន្លងទៅ ក្រុមហ៊ុន 7NG Group Co,.Ltd ក៏ធ្លាប់បានប្រគល់ជូនប្លង់ដីឡូតិ៍ ជូនប្រជាពលរដ្ឋចំនួនសរុប៤,០០០ឡូត៍ ជូនអតិថិជនរបស់ខ្លួន ចំនួន២លើករួចមកហើយ។ ក្រុមហ៊ុន ក៏នឹងបន្តប្រគល់ជូនអតិថិជនបន្តទៀត ដែលមានទីតាំងស្ថិតនៅភូមិវិហារសួគ៍ ឃុំវិហារសួរគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕