(ភ្នំពេញ)៖ អគារដ៏ធំមួយ ដែលមានកម្ពស់១៤៥ម៉ែត្រ តម្លៃប្រមាណ១រយលានដុល្លារអាមេរិក នឹងត្រូវសាងសង់នៅតំបន់កោះនរាណ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ នាពេលឆាប់ៗនេះ។ អគារ Vue Aston នេះមានទំហំ៥៧,០០០ម៉ែត្រការ៉េ ដែលគ្រោងនឹងសាងសង់ចុងឆ្នាំនេះ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ ដែលត្រូវបានវិនិយោគដោយ ក្រុមហ៊ុនចិនមួយឈ្មោះ The Peninsula Capital មកពីទីក្រុងសៀងហៃ ប្រទេសចិន។

ការលើកឡើងពីគម្រោងសាងសង់ អគារ Vue Aston បានលើកឡើងនៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងវេទិការការអភិវឌ្ឍន៍ទីក្រុងឆ្នាំ ២០៣០។ ដោយមានការចូលរួមដោយនាយកក្រុមហ៊ុន The Peninsula Capital និងដៃគូវិនិយោគជាច្រើននាក់។

លោកស្រី Deng Wanfang នាយកប្រតិបត្តិក្រុមហ៊ុន The Peninsula Capital បានឱ្យដឹងថា អ្វីដែលក្រុមវិនិយោគលោកស្រីយកតំបន់កោះនរាណ៍សម្រាប់ការវិនិយោគជាលំនៅឋាន និងពាណិជ្ជកម្ម ដោយសារតែនៅកណ្ដាលក្រុងភ្នំពេញត្រូវបានមើលឃើញថា មានភាពចង្អៀតទៅលើការអភិវឌ្ឍន៍ ហើយជាក់ស្ដែង ដូចបានឃើញស្រាប់នៅកណ្ដាលក្រុងភ្នំពេញ ពោរពេញទៅដោយលំនៅឋាន ហើយចង្អៀតខ្លាំងណាស់ ដូច្នេះបើចង់បានដីធំហំធំ សម្រាប់អភិវឌ្ឍន៍ត្រូវការទិញផ្ទះទាំងនោះ ជាច្រើន ដើម្បីយកដីអភិវឌ្ឍន៍ ។

លោកស្រីបន្តថា នេះជាកត្តាដែលជំរុញឱ្យក្រុមវិនិយោគលោកស្រីត្រូវងាកទៅតំបន់ជាយរាជធានីភ្នំពេញវិញ ហើយជាយរាជធានីបច្ចុប្បន្ននេះ ក៏មិនខុសពីរាជធានីភ្នំពេញពីមុនដែរ ការអភិវឌ្ឍន៍កណ្ដារាជធានីភ្នំពេញ និងនៅជាយរាជធានីគឺមានភាពប្រហាក់ប្រហែលគ្នា មិនខុសគ្នាប៉ុន្មានទេ ក្នុងនោះដែរកម្រិតជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក៏កាន់តែកៀកគ្នាដែរ។ បច្ចុប្បន្នក្រុមហ៊ុនលោកស្រីបានសម្រេចដាក់ទុនវិនយោគនៅតំបន់ច្បារអំពៅជាអគារខុនដូ ប្រមាណ១រយលានដុល្លារ ហើយគម្រោងនឹងត្រូវផ្ដើមអនុវត្តន៍ នៅចុងឆ្នាំនេះ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ ។

អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ លោក ប៉ែន សុភា បានឱ្យដឹងដែរថា រាជធានីភ្នំពេញនៅតែជាតំបន់មួយ ដែលមានសក្ដានុពលខ្លាំង ក្នុងការទាក់ទាញវិនិយោគិនបរទេស មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ដោយសារតែភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា ដូច្នេះហើយវិនិយោគិនបរទេសមកកម្ពុជា តែងតែឃើញ និងមកអភិវឌ្ឍន៍នៅរាជធានីនៃប្រទេស ដែលនេះបានធ្វើឱ្យភ្នំពេញសម្បូរទៅដោយអគារខ្ពស់ៗ និងការដ្ឋានសំណង់ជាច្រើនទៀត កំពុងដំណើរការសាងសង់ នឹងគ្រោងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ»។

លោក ប៉ែន សុភា បានបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងភ្នំពេញខ្សែទី៣ នឹងសាងសង់រួចរាល់នៅឆ្នាំ២០២០ ខាងមុខនេះ ហើយនៅឆ្នាំ២០៣០ យើងរំពឹងថាខ្សែទី៤ នឹងធ្វើរួចរាល់ផងដែរ។ សង្កាត់ច្បាអំពៅ គឺជាសង្កាត់មួយ ដែលស្ថិតក្នុងផ្លូវក្រវាត់ក្រុងខ្សែទី១ ហើយក៏ជាតំបន់ដែលមានដីទំហំធំអាចធ្វើការអភិវឌ្ឍន៍ ហើយក៍ជាតំបន់ដែលស្ថិតនៅតាមបណ្តោយដងទន្លេ ដែលមានទេសភាពយ៉ាងស្រស់បំព្រង និងមានសក្តានុពលខ្ពស់នៅថ្ងៃអនាគតផងដែរ៕