(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ តាមគន្លងប្រពៃណីសាសនា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងមាតាបិតា បងប្អូន និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញទៅចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តអណ្ដូងក្តី ក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ថ្លែងនាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ ឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យដ៍ធំមួយ ក្នុងចំណោមពិធីបុណ្យច្រើនទៀត របស់ប្រជាជនខ្មែរ ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

លោកគូសបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបប្រជាពលរដ្ឋយើងមានឱកាស ប្រារព្ធពិធីបុណ្យនានាឡើង។

លោក ជាម ច័ន្ទសោភ័ណ លើកឡើងបញ្ជាក់ ប្រាប់លោកតាលោកយាយថា ដោយមហិច្ឆតារបស់ខ្លួន ក្រុមជនអគតិមួយចំនួន បានចិញ្ចឹមចិត្តប្រឆាំងផ្កាប់មុខ មិនគិតសុខទុក្ខពលរដ្ឋ មិនចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព ចង់បង្កចលាចល ធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ជាពិសេសថ្មីៗនេះបុគ្គលជនក្បត់ជាតិ សម រង្ស៊ី ហ៊ានប្រមាថដល់ព្រះមហាក្សត្រថែមទៀត។

លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រឆាំងនៅទង្វើក្បត់ជាតិ រហូតហ៊ានប្រមាថព្រះមហាក្សត្រ ដែលជីវិតតម្កល់លើត្បូង នៃប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ រួមទាំងក្រុមគ្រួសារ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនធំ ស៊ីម៉ងត៍២តោន និងថវិកាចំនួន៩លានរៀល ទៅប្រគេនវត្តអណ្ដូងក្តី សម្រាប់ចូលរួមទ្រទ្រង់ ជាបន្តក្នុងទីអារាមមួយនេះ ដើម្បីម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕