(សៀមរាប)៖ ការចូលរួមដាំដើមឈើ គឺជាបេសកកម្មបង្កើកនូវគំរបបៃតង និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាហេតុផលមួយដែលក្រុមប្រតិបត្តិករទេសចរណ៍ និងអ្នកបម្រើការ ក្នុងវិស័យនេះ រួមជាមួយភ្ញៀវជាតិ-អន្តរជាតិជាង ១ពាន់នាក់ បានប្រមូលផ្ដុំគ្នានាចុងសប្ដាហ៍ថ្ងៃអាទិត្យទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបានដាំដើមឈើនៅសួនអនុស្សាវរីយ៍ នៃតំបន់ចំការ ព្រៃពូជឈើក្រញូង ត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សួនដាំដើមឈើអនុស្សាវរីយ៍ «ទេសចរម្នាក់ ដើមឈើមួយដើម» ដែលមានផ្ទៃដីប្រមាណជា ៥ហិកតាកន្លះ នៃតំបន់ចំការព្រៃពូជឈើគ្រញូង ដែលមានទំហំផ្ទៃដីសរុបជិត ១,៩០០ហិកតា តែងតែបានទទួលស្វាគមន៍ ភ្ញៀវជាតិ-អន្តរជាតិ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ ដើម្បីចូលរួមដាំកូនឈើ ជាក់ស្ដែងថ្ហៃនេះ គឺការដាំដើមឈើគ្រញូង ក្នុងប្រធានបទ «មនុស្សម្នាក់ ដើមឈើម្នាក់ដើម»។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានកោតសរសើរ និងអរគុណដល់ក្រុមការងារទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍នេះ បានយ៉ាងល្អ ហើយគ្រប់គ្នាបានចំណាយ ពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមដាំកូនឈើគ្រញូងនាឱកាសនេះ។ ព្រឹត្តិការណ៌ដាំកូនឈើនេះ ពិតជាមានអត្តន័យយ៉ាងជ្រាលជ្រៅ សម្រាប់យើងទាំងអស់គ្នា ក្នុងការចូលរួមចំណែក អបអរសាទរទិវាទេសចរណ៏ពិភពលោក លើកទី៤០ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ «ទេសចរណ៏ និងការងារ៖ អនាគតកាន់តែប្រសើរសម្រាប់យើងទាំងអស់គ្នា» (Tourism and Jobs : A better future for all) ដោយមានការគាំទ្រសម្រាប់ឆ្នាំ២០២០ ក្រុមការងារនឹងរៀបចំឱ្យបានកាន់តែល្អប្រសើរ និងមានអ្នកចូលរួមដាំកូនឈើកាន់តែច្រើនបន្ថែមទៀត។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា តំបន់ចំការឈើពូជគ្រញូងនេះ គ្រប់គ្រងដោយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប មានចម្ងាយជិត ១០០គីឡូម៉ែត្រពីក្រុងសៀមរាប។ សួនដាំកូនឈើអនុស្សាវរីយ៍នេះ បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥។ មកទល់នឹងឆ្នាំ២០១៩ សួនដាំកូនឈើអនុស្សាវរីយ៍ បានទទួលស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ មន្រ្តីរាជការ និងថ្នាក់ដឹកនាំជាន់ខ្ពស់ សរុបបានចំនួន ៥៣លើក កូនឈើប្រមាណជាជិត ១,៣០០ដើម ជាប្រភេទឈើគ្រញូង និងឈើទាល ត្រូវបានដាំក្នុងសួនអនុស្សាវរីយ៍នេះជាបន្តបន្ទាប់។

លោកថា ការដាំកូនឈើនាថ្ងៃនេះ ក្រោមការចូលរួមដោយប្រតិបត្តិករទេសចរណ៍ មន្រ្តី-រាជការ អាជ្ញាធរដែនដី វិស័យឯកជន នៅក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ និងមកពីខេត្តដទៃផ្សេងទៀត ប្រមាណជាង១,០០០នាក់ លើកនេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលមិនធ្លាប់មានក្នុងរយៈពេល ៤ឆ្នាំកន្លងមក នៅក្នុងសួនដាំកូនឈើអនុស្សាវរីយ៍នេះ។

ចំណែកលោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបង្ហាញឲ្យដឹងដែរថា ការបង្កើតឡើងសួនដាំកូនឈើអនុស្សាវរីយ៍នេះ មិនត្រឹមតែជាការបំផុសនូវចលនាដាំកូនឈើ ឡើងវិញនោះទេ តែក៏ជាផែនការ នៃការរៀបចំតំបន់នេះឲ្យក្លាយជាគោលដៅ ព្រៃឈើបំរើសេវាកម្មទេសចរណ៍ធម្មជាតិ ផងដែរ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានចាត់ទុកថា ការចូលរួមរបស់ប្រតិបត្តិករទេសចរ និងអ្នកចូលរួមផ្សេងទៀត ក្នុងឱកាសនេះ គឺជាសារសកម្មភាពពញ្ញាក់ស្មារតីប្រជាពលរដ្ឋ ឲ្យមានការចូលរួមអភិរក្សព្រៃឈើនៅកម្ពុជា។

លោកបន្ដថា «នេះគឺជាចាប់ផ្តើមប្រវត្តិសាស្រ្តថ្មីមួយ ក្នុងការចូលរួមស្តារបរិស្ថាននិងព្រៃឈើ ជាមួយនឹងការសម្លឹងឃើញមោទនភាព ដោយការបន្សល់ទុកមរតក ដល់មនុស្សជំនាន់បច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ដែលមិនត្រឹមតែជាសមិទ្ធផលសម្រេចបាននោះទេ តែក៏ជាមរតកស្មារតីនៃការបន្តវេនផងដែរដើម្បីបង្កើនផ្ទៃបៃតងនៃភពផែនដី»