(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរ និងបំពេញនូវស្រម៉ៃ របស់បេក្ខជនពិការដៃជើង តាំងពីកំណើតម្នាក់នៅខេត្តកំពង់ធំ ដែលខិតខំពុះពារប្រឡងរហូត ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាននិទ្ទេស D ក្នុងចំណោមសិស្សប្រឡងជាប់ក្នុងខេត្តកំពង់ធំប្រមាណ ៣.៤៧៩នាក់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលអតីតប្រមុខការទូតកម្ពុជា ដ៏ល្បាយល្បីមួយរូប របស់កម្ពុជា សម្រេចឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ការស្នាក់នៅ ការហូបចុក និងការធ្វើដំណើរទៅមក រយៈពេល៤ឆ្នាំ លើមុខវិជ្ជា IT នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ។

ការសម្រេចបំពេញនូវក្តីស្រម៉ៃ របស់បេក្ខជនពិការកាយសម្បទាតាំងពីកុមារភាព មានឈ្មោះ ទុយ សុខដុង ភេទប្រុស ពិការដៃ និងជើង រស់នៅភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យយុវជន ទុយ សុខដុង និងម្តាយចូលជួបពិភាក្សា ដើម្បីបង្ហាញពីមុខវិជ្ជាដែលខ្លួនស្រឡាញ់ និងស្ថានភាពលំបាកជាក់ស្តែង ក្នុងការបន្តការសិក្សានៅមហាវិទ្យាល័យចំពោះមុខ។

នៅក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា សម្រាប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យរបស់យុវជនពិការដៃ ជើង ទុយ សុខដុង និងម្តាយនៅភ្នំពេញ សូមកុំមានការព្រួយបារម្ភអី គឺលោកនឹងចេញថ្លៃស្នាក់នៅ ហូប ចុក ការធ្វើដំណើរ រហូតរៀនចប់មហាវិទ្យាល័យ ផងដែរ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានថ្លែងកោតសរសើរពីការខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គនានា ដែលខ្លួនជាមនុស្សពិការ អាចខិតខំប្រឹងប្រែងរៀនសូត្រ ទទួលបានលទ្ធផលល្អ ក្នុងការសិក្សា ដូចមនុស្សមានកាយសម្បទាគ្រប់គ្រាន់ ហើយបានចាត់ទុកយុវជន ទុយ សុខដុង ជាមនុស្សពិការកាយសម្បទាម្នាក់ ដែលមានទេពកោសល្យ និងការតាំងចិត្តខ្លាំងក្លា ទើបអាចប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រហូតទទួលបានលទ្ធផលល្អមិននឹកស្មានដល់បែបនេះ។

ដើម្បីជាចូលរួមចំណែកកាត់បន្ថយនូវការលំបាក ដែលកំពុងតែកើតមានចំពោះមុខយុវជន ទុយ សុខដុង ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥លានរៀល ដើម្បីយកទៅចាត់ចែងតម្រូវការចាំបាច់ណាមួយផងដែរ។

យុវជន ទុយ សុខដុង ក៏បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានទំនុកបម្រុងលើការសិក្សា ការស្នាក់នៅ ការហូបចុក និងការធ្វើដំណើរទៅវិញទៅមករបស់ខ្លួន ក្នុងអំឡុងពេលបន្តការសិក្សា នៅថ្នាកមហាវិទ្យាល័យនេះ ហើយទឹកចិត្តរបស់ឧបនាយករដ្ឋមន្ត្រី គឺមិនអាចកាត់ថ្លៃបាននោះទេ មិនថាតែរូបខ្លួន និងអ្នកផ្សេងៗទៀត។

នៅចំពោះមុខឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង យុវជន ទុយ សុខដុង បានថ្លែងបញ្ជាក់ពីក្តីស្រម៉ៃរបស់ខ្លួន ក្នុងពេលសិក្សានៅមហាវិទ្យាល័យ ដោយចាប់យកមុខវិជ្ជា IT ហើយទោះបីមុខវិជ្ជា IT ត្រូវការប្រើប្រាស់លើកុំព្យូទ័រយ៉ាងណាក៏ដោយ ក៏វាមិនមែនជាបញ្ហានោះទេ ព្រោះបច្ចុប្បន្ននេះ រូបគេបានហ្វឹកហាត់ប្រើប្រាស់កុំព្យូទ័រ ទាំងភាសាខ្មែរ និងភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។ ការចាប់មុខវិជ្ជា IT សម្រាប់ការសិក្សា នៅថ្នាក់មហាវិទ្យាល័យនេះ យុវជន ទុយ សុខដុង មានក្តីស្រម៉ៃខ្ពស់មួយ គឺចង់បង្កើតកម្មវិធីលើទូរស័ព្ទដៃ កុំព្យូទ័រ ព្រមទាំងវេបសាយ ផងដែរ។

ឆ្លៀតនៅក្នុងឱកាសនេះដែរ យុវជន ទុយ សុខដុង បានលើកឡើងថា ទោះបីជាខ្លួនពិការមែន តែមិនត្រូវបោះបង់ការតស៊ូនោះទេ មានជីវិត គឺជាការតស៊ូ ហើយពិការភាពមិនមែនជាឧបសគ្គដែលធ្វើឱ្យខ្លួនបោះបង់ចោលនូការសិក្សានោះទេ។ ប៉ុន្តែទន្ទឹមនេះ ការខិតខំជំនះការលំបាក ដែលមានការគាំទ្រពីក្រុមគ្រួសារ មិត្តភក្តិ ជាកម្លាំងចិត្តដែលធ្វើឱ្យខ្លួនទទួលបានភាពជោគជ័យ។

យុវជន ទុយ សុខដុង បានអំពាវនាវដល់ យុវជនទាំងអស់ ដែលស្ថិតក្នុងវ័យសិក្សា សូមឱ្យខិតខំប្រឹងប្រែងរៀនសូត្រ។ ជាពិសេស យុវជនពិការភាព សូមកុំបោះបង់ចោលការសិក្សា ព្រោះរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិស្មើរភាពគ្នាក្នុងការសិក្សា ក៏ដូចជាការរស់នៅក្នុងសង្គមផងដែរ។

ដោយឡែកក្រៅពីការផ្គត់ផ្គង់នូវថិវកា ដល់យុវជនពិការដៃ ជើង នៅខេត្តកំពង់ធំ ក្នុងនាមឧបនាយករដ្ឋមន្ត្រី ជាប្រធាន មូលនិធិហោ ណាំហុង-បូរី ហោ ក៏បាន ឧបត្ថម្ភថវិកា ដល់កុមារី ស៊ិន ស្រីហង្ស ដែលពិការទាំងដៃ ទាំងជើង ព្រមទាំងសន្យាជួយឧបត្ថម្ភរហូតដល់រៀនចប់ថ្នាក់ទី១២ និងបន្ដរៀននៅសាកលវិទ្យាល័យផងដែរ។

មូលនិធិហោ ណាំហុង-បូរី ហោ ត្រូវបានបង្កើតឡើង នៅខែមករា ឆ្នាំ២០១៩ ហើយមកដល់ថ្ងៃនេះ បានជួយឧបត្ថម្ភកុមារកំព្រា ពិការ ខ្សោយសតិបញ្ញា និងកើតជំងឺអេដស៍ផង ព្រមទាំងកុមារពិការភ្នែក និងគថ្លង់ បានចំនួន៣០៥នាក់ហើយ នៅបុរីទារក និងកុមារជាតិភ្នំពេញ និងវិទ្យាល័យអប់រំ ពិសេសក្នុងខេត្តកំពង់ចាម ដោយបានជួយឧបត្ថម្ភថវិកា ចំនួន៩៦០,០០០,០០០រៀល ក្នុង១ឆ្នាំ។

មូលនិធិ ហោ ណាំហុង-បូរីហោ គឺជាការចូលរួមចំណែកតិចតួច ក្នុងវិស័យសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ពិសេសជាការផ្តល់ជំនួយដ៏ធំធេង របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជនពិការ និងកុមារពិការទូទាំងប្រទេសកម្ពុជាផងដែរ៕