(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនក្រៅប្រទេស, ប្រតិភូក្រុមការងារយុវជនក្រៅប្រទេស នៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននាំយកថវិកាសប្បុរសធម៌ របស់បងប្អូនខ្មែររស់នៅក្រៅប្រទេស ប្រគល់ជូនក្រុមគ្រួសារសព៧នាក់ ដែលរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។

ការប្រគល់ថវិកាសប្បុរសធម៌ទាំងនេះ អនុវត្តតាមប្រសាសន៍ ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងដោយមានការចង្អុលបង្ហាញ ដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនក្រៅប្រទេស។

ប្រតិភូក្រុមការងារយុវជន ក្រៅប្រទេស បានពាំនាំនូវថវិកាសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស និងក្រុមការងារទៅប្រគល់ជូន ដល់ក្រុមគ្រួសារសព ជនរងគ្រោះ នៅក្នុងខេត្តកំពង់ឆ្នាំង ចំនួន៣រូប, ខេត្តពោធិ៍សាត់ ចំនួន២រូប, និងខេត្តបាត់ដំបង ចំនួន២រូប ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍បាក់រលំអគារ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។

ជាមួយគ្នានេះ ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ាណែត និងប្រតិភូក្រុមការងារយុវជនក្រៅប្រទេស ដែលបានស្វែងរកមូលនិធិ ជួយឧបត្ថម្ភជាថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ក្រុមគ្រួសារសពនីមួយៗ ដើម្បីបន្តជីវភាពរស់នៅ និងចិញ្ចឹមបីបាច់កូនតទៅមុខទៀត និងសូមអរគុណដល់ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានជួយជ្រោមជ្រែង ក្នុងការដឹកជញ្ជូនសព ជួយឧបត្ថម្ភគាំទ្រ រៀបចំពិធីបុណ្យសពផងដែរ។

សូមបញ្ជាក់ផងដែរថា ថវិកាដែលទទួលបានពីការបរិច្ចាគ ពីសប្បុរសជនក្រៅប្រទេស ត្រូវបានចែកជូនគ្រួសារសពជនរងគ្រោះ ស្មើៗគ្នាចំនួន ៦,១៦៩.៨៩ដុល្លារអាមេរិក៕