(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក Luke Arnold ទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ។ ជំនួបនេះ បានរៀបចំធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើការងារ មួយចំនួនរួមមាន៖

ទី១៖ ពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តគម្រោងស្តីពី «កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា»
ទី២៖ ស្វែងរកទស្សន និងទិសដៅយុទ្ធសាស្រ្ត និងគំតថ្មីៗ ដើម្បីតម្រង់ទិសក្នុងការអនុវត្តគម្រោងនេះ
ទី៣៖ ស្នើសុំមតិ និងយោបល់ពាក់ព័ននឹងកិច្ចសន្ទនាត្រីភាគីរវាង កម្ពុជា-អូស្រ្តាលី-ចិន
ទី៤៖ ធ្វើការពិភាក្សាលើទិសដៅអនាគត សម្រាប់កម្មវិធីជំនួយនៅកម្ពុជា។

លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបាននិងបន្តជួយឧបត្ថម្ភ គាំទ្រលើការអភិវឌ្ឍប្រទេសកម្ពុជា។ ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលអូស្រ្តាលី ក៏បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ផងដែរ តាមរយៈការអនុវត្តគម្រោងជាច្រើន ជាពិសេសគម្រោងស្តីពី កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ដែលគម្រោងនេះ បាននិងកំពុងចូលរួមអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម របស់ក្រសួងយ៉ាងមានប្រសិទ្ធភាព។

លោកបានបន្តថា គម្រោងទាំងអស់នេះ ពិតបានចូលរួមប្រើប្រាស់ធនធាន និងសក្ដានុពល ដែលមានស្រាប់សំដៅលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីបង្កើតការងារ ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងបង្កើនការនាំចេញកសិផល ដើម្បីលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ស្ថិតក្នុងបរិបទនេះ ក្រសួងបានខិតខំស្វែងរកដៃគូជាតិ និងអន្តរជាតិ ដើម្បីចូលរួមសហការ លើការងារពិសោធន៍ស្រាវជ្រាវ ផ្សព្វផ្សាយបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ ត្រី ការជ្រើសរើស បង្កាត់ ផ្លាស់ប្តូរ និងប្រើប្រាស់ពូជសត្វ និងដំណាំ ការប្រើប្រាស់ធាតុចូល ឲ្យមានប្រសិទ្ធភាព ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ទាំងបរិមាណ គុណភាព សុវត្ថិភាព និងស្តង់ដារទីផ្សារអន្តរជាតិ ក្នុងទិសដៅនាំចេញកសិផលកម្ពុជា នាពេលអនាគត។

លោក Luke Arnold បានឯកភាព និងយល់ស្របតាមអ្វីដែល លោករដ្ឋមន្រ្តីបានជម្រាបជូនខាងលើ ព្រោះជាក់ស្តែងប្រជាកសិករ ដែលស្ថិតក្នុងគោលដៅរបស់គម្រោង បាននិងកំពុងមានការ កែប្រែយ៉ាងវិជ្ជមានទាំងទម្លាប់ កម្រិតជីវភាព កំណើនចំណូល និងសេដ្ឋកិច្ចគ្រួសារ ស្តែងចេញឲ្យឃើញតាមរយៈពួកគាត់មានរបររឹងមាំ ក្មេងៗបានទៅសិក្សារៀនសូត្រ និយាយរួមស្ថានភាពរស់នៅក្នុងសង្គមគ្រួសារ ត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់។

លោករដ្ឋមន្រ្តី បានលើកឡើងពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្ម គឺពិតជាស្របតាមផែនការយុទ្ធស្រាយ នៃជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីថ្មី ដែលផែនការនេះ ផ្តោតជាសំខាន់លើការបង្កើន ភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មកសិកម្ម ដោយសំដៅលើការធ្វើពិពិធភាវូបនីយកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម បង្កើនផលិតភាព ការកែច្នៃ ស្តង់ដារគុណភាព ជារួមបង្កើនខ្សែសង្វាក់ផលិតកម្ម និងតម្លៃ។

លោករដ្ឋមន្រ្តី បានឆ្លើយតបយ៉ាងមោទនថា នេះគឺអ្វីដែលរូបលោក និងក្រសួងចង់បាន ហើយក៏កំពុងជំរុញ និងអនុវត្តផងដែរ តាមរយៈការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម និងផលិតកម្មកសិកម្ម តាមកិច្ចសន្យា។ ទាំងអស់នេះ ទាមទារឲ្យមានកិច្ចសហការពេញលេញ ពីគ្រប់ភាគីពាក់ព័ន្ធគឺ រដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម ដោយត្រូវធ្វើយ៉ាងណាបង្កើនផលិតភាព ជាមួយការប្រកួតប្រជែង និងកាត់បន្ថយថ្លៃដើម។

លោកសង្ឃឹម និងជឿជាក់ថា ភាគីអូស្រ្តាលី នឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនេះមកភាគីកម្ពុជា ជាប្រយោជន៍ដល់វិស័យកសិកម្មទាំងមូល និងប្រជាកសិករយើង៕