(កណ្ដាល)៖ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលនៅថ្ងៃទី១៦ ខែកញ្ញានេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកឲ្យធ្វើចរាចរណ៍ផ្លូវទឹកឡើងវិញ សម្រាប់ចំណុចផ្លូវដែលឆ្លងកាត់ ក្រោមស្ពានព្រែកតាមាក់ ស្ថិតនៅស្រុកមុខកំពូល និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សេចក្ដីប្រកាសនេះ មានខ្លឹមសារបញ្ជាក់ថា យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ស្ដីពីឧបទ្ទវហេតុមួយបានកើតឡើង ដោយសារសាឡង់ដឹកខ្សាច់មួយគ្រឿង ត្រូវបានកម្លាំងទឹកបោក ហើយបានគឿងជាប់នឹងជើងតាងសរសរ ស្ពានផ្នែកកណ្ដាលប៉ែកខាងកើត នៃស្ពានព្រែកតាមាក់ ដែលស្ថិតនៅស្រុកមុខកំពូល និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់នាវាផ្សេងៗទៀតមន្ទីរបានស្នើដល់ប្រធានក្រុមហ៊ុន ម្ចាស់អាជីវកម្ម សាធារណជនមេត្តាអនុវត្តន៍ តាមប្លង់បង្ហាញផ្លូវនាវាចរណ៍ ឆ្លងកាត់ក្រោមស្ពានព្រែកតាមាក់ ដោយកំពង់ផែស្វយ័តភ្នំពេញ។ ចំពោះសាឡង់ដឹកខ្សាច់ ហាមធ្វើចរាចរណ៍ពេលយប់ជាដាច់ខាត។

គួរជម្រាបថា គ្រោះឧបទ្ទវហេតុសាឡង់ដឹកខ្សាច់របស់ក្រុមហ៊ុនចាន់ណា នៅខណ្ដឬស្សីកែវ បានបើកទៅជាប់គឿងនឹងសរសរស្ពានព្រែកតាមាក់ កាលពីម៉ោងជាង២រសៀល ថ្ងៃទី៨ ខែកញ្ញាកន្លងទៅ។ ប្រតិបត្តិការរំដោះសាឡង់ដឹកខ្សាច់នេះ ធ្វើឡើងរយៈពេលមួយសប្ដាហ៍ ប៉ុន្តែសាឡង់ពុំអាចរំដោះចេញបានឡើយ ខណៈទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចរក្សាទុកសាឡង់នេះសិន រង់ចាំទឹកស្រក ទើបប្រតិបត្តិការរំដោះសារជាថ្មី៕