(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩, លោកស្រី ឱក សុគន្ធកញ្ញា តារាចម្រៀងដ៏ល្បីឈ្មោះនៅកម្ពុជា បានបរិច្ចាគថវិកាចំនួន ៥,១៦៨,០០០រៀល និង ៥,១៦៨ដុល្លារ ដែលបានមកពីកម្មវិធីមួយឈ្មោះថា «ទិញដើម្បីចែករំលែកក្ដីស្រលាញ់» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។

មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណជូនចំពោះលោកស្រី ឱក សុគន្ធកញ្ញា ចំពោះទឹកចិត្តសប្បុរសធម៌ និងផ្ដួចផ្ដើមរៀបចំកម្មវិធីនេះឡើង ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា សម្រេចនូវបេសកកម្មដ៏ចម្បង និងតែមួយគត់របស់មូលនិធិ គឺការធានាចីរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ លោកស្រី ឱក សុគន្ធកញ្ញា ក៏បានអំពាវនាវដល់សាធារជន ជាពិសេសសិល្បករ និងអ្នកគាំទ្រ ចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមជម្រាបថា ក្នុងករណីសាធារណជន មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើងអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែ»។

សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖
* ធនាគារកាណាឌីយ៉ា
* ធនាគារអេស៊ីលីដា
* ធនាគារ ABA
* ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
* ភ្នាក់ងារវេប្រាក់ TrueMoney
* ភ្នាក់ងារវេប្រាក់ DaraPay ឬទំនាក់ទំនងមកលេខាធិកាដ្ឋាន ដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ www.ckf.org.kh៕