(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមហាឧបាសិកា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ក្នុងឱកាសកាន់បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ៤រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងវេនកាន់បិណ្ឌទី៤ ស្របពេលដែលប្រជាពលរដ្ឋជា ពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួមសប្បាយ រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេន ព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយ ក្នុងព្រះពុទ្ធសាសនា ដែលតែងតែដឹកនាំមន្ដ្រីគ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា និងមន្ដ្រីជាច្រើនផ្នែកទៀត បូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុជាច្រើន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ និងជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើន។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។
សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៩នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៩។ បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។
ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ។
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។
ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ៕