(ភ្នំពេញ)៖ គម្រោង «ធម្មយាត្រានៃដែនដីទាំង៥ តាមគន្លងធម៌ព្រះអរិយសង្ឈនៃតំបន់ទន្លេមេគង្គ» មានដូចជា កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដើម្បីប្រមូលផ្តុំពុទ្ធសាសនិកជនតំបន់ទន្លេមេគង្គ នៃទឹកដីសុវណ្ណភូមិឱ្យក្លាយជាធ្លុងមួយ នឹងចាប់ផ្តើមនៅខែក្រោយនេះ រយៈពេល១៨ថ្ងៃ។

គម្រោង «ធម្មយាត្រានៃដែនដីទាំង៥ តាមគន្លងធម៌ព្រះអរិយសង្ឈនៃតំបន់ទន្លេមេគង្គ» ផ្តួចផ្តើមរៀបចំដោយ វិទ្យាស្ថានពោធិខាយ៉ាឆាល័យ៩៨០ ប្រទេសថៃ ដោយមានកិច្ចសហការពីពុទ្ធសាសនិក នៅតាមប្រទេសនីមួយៗ។ ធម្មយាត្រានេះ ចាប់ចេញពីប្រទេសថៃពីថ្ងៃទី១៤ ដោយឆ្លងកាត់ប្រទេសទាំង៥ជាបន្តបន្ទាប់ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅកម្ពុជា។

ថ្លែងក្នុងសន្និសីទកាសែតមួយ ដែលធ្វើឡើងក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ស៊ុផាឆៃ វីរៈភូជុង អគ្គលេខាធិការវិទ្យាស្ថានពោធិខាយ៉ាឆាល័យ៩៨០ បានថ្លែងថា នៅឆ្នាំ២០១៩នេះ វិទ្យាស្ថានរបស់លោក និងក្រុមសម្ព័ន្ធមិត្តតំបន់ទន្លេមេគង្គ នឹងផ្តុំកម្លាំងគ្នា បើកកំណត់ប្រវត្តិសាស្ត្រដ៏សំខាន់ជាលើកទី២ ដែលធ្វើដំណើរនាំព្រះធម៌បង្កើតមិត្តភាព មានរយៈចម្ងាញច្រើនជាង ២ពាន់គីឡូម៉ែត្រ ដើម្បីរឹតចំណងសម្ព័ន្ធភាពមួយនេះ ឱ្យកាន់តែរឹងមាំ។

យោងតាមរបាយការណ៍ ដែលត្រូវបានបង្ហាញក្នុងសន្និសីទនេះ បានគូសបញ្ជាក់ថា សម្រាប់ដំណើរធម្មយាត្រាដែនដីទាំង៥ នៃតំបន់ទន្លេមេគង្គនេះ នឹងចាប់ផ្តើមចេញដំណើរពីវត្តធាតុផាង៉ៅ ឆ្ពោះទៅកាន់រដ្ឋឆាន ជាខេត្តមួយដែលមានការគោរពព្រះពុទ្ធសាសនា យ៉ាងជ្រាលជ្រៅមួយនៃពិភពលោក និងបានផ្សព្វផ្សាយព្រះពុទ្ធសាសនា អស់រយៈពេលជាង ១ពាន់ឆ្នាំកន្លងមក។ ធម្មយាត្រា នឹងបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងដៀនបៀនហ្វូ ខេត្តដៀនបៀន ប្រទេសវៀតណាម ដោយធ្វើដំណើរកាត់តាមជម្រាលភ្នំ ដែលមានចម្ងាយជាង ៣០០គីឡូម៉ែត្រ។

ក្រោយឆ្លងកាត់ខេត្តបៀនដៀន គេនឹងទៅកាន់ខ័ណ្ឌហ្លួងព្រះបាង ប្រទេសឡាវ ដែលជាមជ្ឈមណ្ឌលផ្សព្វផ្សាយព្រះពុទ្ធសាសនា កាលពីអតីតជាង ៥០០ឆ្នាំមកហើយ។ បន្ទាប់មក គេនឹងត្រឡប់ទៅកាន់ប្រទេសថៃវិញ នៅវត្តព្រះធាតុឆើងឆុម ខេត្តសាកុនណាខន ដែលចាត់ទុកថាជាវត្តព្រះធាតុ ដ៏ចំណាស់បំផុតនៅភាគឥសាន្តប្រទេសថៃ ដែលមានអាយុកាលជិត ២ពាន់ឆ្នាំមកហើយ និងបន្តចូលទៅវត្តព្រះធាតុភ្នំ នៅខេត្តណាខនភ្នំ។ បើតាមរបាយការណ៍ដដែល បានឱ្យដឹងទៀតថា ដំណើរទៅកាន់ទិសដៅចុងក្រោយ ដើម្បីបិទគម្រោងធម្មយាត្រានេះ នឹងរៀបចំឡើងនៅខេត្តសៀមរាប ប្រទេសកម្ពុជា។

លោក ស៊ុផាឆៃ រីរៈភូជុង បានបន្ថែមថា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញបិទគម្រោងធម្មយាត្រានេះ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ បានកោតសរសើរសម្រាប់ការរៀបចំគម្រោង «ធម្មយាត្រានៃដែនដីទាំង៥ តាមគន្លងធម៌ព្រះអរិយសង្ឈនៃតំបន់ទន្លេមេគង្គ»។ លោកចាត់ទុកថា នេះជាពិធីមួយដ៏ល្អបំផុត ដែលបានរួមចំណែកលើកស្ទួយទំនាក់ទំនង រវាងប្រទេសស្ថិតនៅក្នុងតំបន់ទន្លេមេគង្គទាំង៥នេះ។

បើតាមលោក ខៀវ កាញារីទ្ធ ព្រះពុទ្ធសាសនាកំពុងត្រូវបានលើកស្ទួយយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា។ លោកបានរម្លឹកថា កាលពី៦០ឆ្នាំមុន នៅប្រទេសកម្ពុជា បានធ្វើពិធីពាក់កណ្តាលសាសនាព្រះពុទ្ធ គម្រប់២៥០០ឆ្នាំ ដែលនេះបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា ជំនឿសាសនាព្រះពុទ្ធនៅតែរឹងមាំដដែល៕