(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានច្រានចោលទាំងស្រុង ចំពោះការបកស្រាយ និងចោទប្រកាន់មកលើសម្ដេចថាបានបញ្ជាឲ្យសមត្ថកិច្ច រារាំង ឬគៀបសង្កត់ប្រជាពលរដ្ឋ ក្នុងការធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

ការចេញមកច្រានចោលរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងបន្ទាប់ពីបុគ្គលមួយចំនួន ធ្វើការបកស្រាយខុសពីអ្វីដែលសម្ដេចបាន ណែនាំទៅកាន់អភិបាលរាជធានី-ខេត្ត ដើម្បីគ្រប់គ្រងសភាពការណ៍ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដោយមិនបានបញ្ជាឲ្យរារាំងប្រជាពលរដ្ឋឡើយ។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា សម្ដេចមានសិទ្ធិចេញបញ្ជាមន្ត្រីក្រោមឱវាទ ក្នុងការគ្រប់គ្រងសភាពការណ៍ ហើយសកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាពនយោបាយ បំផុសឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។

តាមរយៈ Facebook នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង បានបង្ហោះសារយ៉ាងដូច្នេះថា៖

«កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ខ្ញុំព្រះករុណា ខ្ញុំបានផ្ញើសារសំឡេង ទៅអភិបាលរាជធានីខេត្ត ណែនាំឲ្យខិតខំ និងគ្រប់គ្រងសភាពការណ៍ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសដែលប្រជាពលរដ្ឋទូទាំងប្រទេស កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដោយមិនបានបញ្ជាឲ្យរារាំង ឬគៀបសង្កត់ប្រជាពលរដ្ឋណាម្នាក់ មិនឲ្យចូលរួមប្រារព្ធ ពិធីបុណ្យនេះឡើយ។

ប៉ុន្តែមានបុគ្គល និងសារព័ត៌មានមួយចំនួន ដែលមាននិន្នាការប្រឆាំង បានយកទៅធ្វើអាជីវកម្មបកស្រាយបំភ្លើស និងមួលបង្កាច់ក្នុងន័យថា ខ្ញុំព្រះករុណា បានរារាំង ឬគៀបសង្កត់ប្រជាពលរដ្ឋ ក្នុងការធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនាទៅវិញ។ នេះជាចេទនាអាក្រក់ដែលខ្ញុំព្រះករុណា ខ្ញុំមិនទទួលយកបាន
ឡើយ។

ក្នុងនាមជាអ្នកទទួលខុសត្រូវ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ប្រទេសជាតិ ខ្ញុំព្រះករុណា ខ្ញុំមានសិទ្ធិ និងកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការដាក់ចេញបទបញ្ជា ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់គ្រប់ព្រឹត្តិការណ៍នានា។

ទន្ទឹមនឹងនេះ ខ្ញុំព្រះករុណា ខ្ញុំមានសិទ្ធិចេញបញ្ជាមន្ត្រីក្រោមឱវាទ ក្នុងការគ្រប់គ្រងសភាពការណ៍ ហើយសកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាពនយោបាយ បំផុសឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។

ចុងក្រោយនេះ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់ពុទ្ធសាសនិកទាំងអស់ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួមថែរក្សាសុខសន្តិភាព និងរួមគ្នាកសាងបុណ្យកុសលតាមកម្លាំងសទា្ធរៀងៗខ្លួន ដោយទឹកចិត្តជ្រះថ្លា»៕