(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប និងលោកស្រី នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបន្តចូលរួមកាន់បិណ្ឌវេនទី៥ នៅអង្គរតូចខាងត្បូង។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង និងលោកស្រី បានធ្វើការវេរប្រគេននូវទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគចំនួន១០មុខ និងបច្ច័យ២លានរៀល ប្រគេនព្រះសង្ឃក្នុងមួយវត្ត ដើម្បីសម្រាប់ប្រើប្រាស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងកាន់ព្រះវស្សា ព្រមទាំងសីលវ័ន្តសីលវន្តី ម្នាក់ៗ និងថវិកាម្នាក់ ១ម៉ឺនរៀលផងដែរ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្ដថែរក្សាសុខសន្ដិភាព ដើម្បីឲ្យប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ ពិសេសដើម្បីឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈអាចមានឱកាសជួបជុំគ្នា ធ្វើបុណ្យតាមប្រពៃណីគន្លងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះចៅអធិការវត្ត ឥន្ទបត្តបូរី ហៅវត្តអង្គរតូចខាងត្បូង បានមានសង្ឃដីកា ថ្លែងអំណរគុណ និងកោតសើរសើរ ចំពោះនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ដែលតែងតែយកចិត្តទុក្ខដាក់ គោរពទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។

ជាមួយនោះផងដែរ ព្រះចៅអធិការវត្ត ឥន្ទបត្តបូរី ហៅវត្តអង្គរតូចខាងត្បូង បានរំលឹកពីស្នាដៃរបស់ នាយឧត្តមសេនីយ៍ ដែលធ្វើឲ្យមានការីកចម្រើនខ្លាំងទាំងវិស័យ ពុទ្ធចក្រ និងអាណាចក្រ នៅក្នុងខេត្តសៀមរាប។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យផ្សេងៗទៀត ត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃស្មារតីជ័យជំនះ៧មករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំរលាយទៅក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រ មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សតវត្សរ៍ទី២១នេះ។ ការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង ក្នុងគោលបំណង ដើម្បីឧទ្ទិសមហាកុសលជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ។

ដូច្នេះពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចារចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយសូមងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ និងសង្គមជាតិផងដែរ៕