(ស្វាយរៀង)៖ យ៉ាងហោចណាស់បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរស ២នាក់ផ្សេងទៀត រងរបួសស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយ បង្កឡើងដោយរថយន្តពាក់ស្លាកលេខរដ្ឋ ១គ្រឿង បើកបុកម៉ូតូចំនួន៣គ្រឿង បន្តកន្ទុយគ្នា នៅខាងមុខក្លោងទ្វារ សាកលវិទ្យាល័យស្វាយរៀង កាលពីវេលាម៉ោង៧៖១៥នាទី ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា រថយន្តបង្កម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខរដ្ឋ១៧.២.០៤៧១ បើកបរដោយឈ្មោះ សួន លាស់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររស់នៅ ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បើកបរពីលិច ទៅកើតអ្នកបើកបរគ្មាន របួសរថយន្ដខូចខាតធ្ងន់បែកកង់រថយន្ដមុខខាងឆ្វេង។

ចំណែកម៉ូតូរងគ្រោះ ដែលបាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ សេក សាម៉េត ភេទប្រុស អាយុ៥៤ឆ្នាំ មានមុខរបរកសិករ រស់នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកបរម៉ូតម៉ាកហុងដាសេ១២៥ ពណ៌ខ្មពាក់ ស្លាកលេខស្វាយរៀង ១H-៥៥២៣ ធ្វើដំណើរពីកើតទៅលិច ទៅកើត, ចំណែកជនរងគ្រោះផ្សេងទៀតរួមមាន ឈ្មោះ យ៉ែម សុវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រោងចក្របើកបរ ពីលិចទៅកើតពាក់មួកសុវត្ថិភាព រងរបួសស្រាល និងឈ្មោះ រស់ វ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអង្គការហ្វាន់ រស់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកបរពីកើតទៅលិចពាក់មួកសុវត្ថិភាព រងរបួសស្រាល។

សមត្ថកិច្ចបានបន្ថែមទៀតថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលពីអ្នកបើកបររថយន្ដប្រើប្រាស់ល្បឿនលឿន ជ្រុលទៅបុកម៉ូតូម៉ាក Next ពីក្រោយរួចរេចង្កូត ទៅបុកម៉ូតូពីរគ្រឿងទៀត ដែលបើកបរពីទិសខាងកើត ទៅទិសខាងលិច។

បច្ចុប្បន្ន រថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវកម្លាំងជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង។ ដោយឡែកជនរងគ្រោះទាំង២នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ហើយសាកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅគេហដ្ឋាន៕