(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ពីគោលបំណងសំខាន់ ដែលក្នុងនាមជាស្រ្ដីបានបង្កើតប្រព័ន្ធ «បាគង» ដើម្បីផ្ដល់ភាពងាយស្រួល ដល់បងប្អូនក្នុងការទូទាត់លើវិស័យធនាគារ។

លោកស្រី ជា សិរី ជាស្រ្ដីដែលមានបទពិសោធន៍ទូលំទូលាយ ក្នុងកិច្ចការដឹកនាំ និងការងារសង្គម ពិសេសការលើកកម្ពស់តួនាទីស្ត្រី បានចូលរួមចែករំលែកពីគម្រោង បាគង ការចូលរួមរបស់ស្ត្រី និងស្ត្រីក្នុងភាពជាអ្នកដឹកនាំ។

លោកស្រី ជា សិរី បានបង្ហាញឲ្យដឹងពីគោលបំណងចម្បងនៃគម្រោង បាគង ដើម្បីឲបង្កើនភាពងាយស្រួលក្នុងការទូទាត់ និងកៀរគរប្រជាជនឲ្យប្រើប្រាស់ប្រព័ន្ធធនាគារ ក្នុងជីវភាពប្រចាំថ្ងៃឲ្យបានច្រើន។ ការបង្កើតគម្រោងនេះ ឡើងបន្ទាប់ពីពិនិត្យឃើញថា ការទូទាត់នាពេលបច្ចុប្បន្នពុំទាន់មានភាពងាយស្រួល ហើយមានតម្លៃខ្ពស់ ដែលធ្វើឲ្យប្រជាជននៅជនបទ និងអ្នកដែលចង់ធ្វើការទូទាត់តិចតួច មានការលំបាកក្នុងការទទួលយក។

លោកស្រី ជា សិរី ក៏បានបញ្ជាក់ថា ម្យ៉ាងវិញទៀតសង្កេតឃើញថា យុវវ័យ និងអតិថិជនវ័យកណ្តាល មាននិន្នាការទៅរកពិភពឌីជីថល (Digitalization) ដែលធ្វើឲ្យការប្រើប្រាស់ Mobile Payment មានការកើនឡើងជាលំដាប់។ ហេតុដូច្នេះទើបធនាគារជាតិនៃកម្ពុជា ធ្វើការសិក្សាស្រាវជ្រាវ លើបច្ចេកវិទ្យា Blockchain ដើម្បីផ្តល់លទ្ធភាពធ្វើការទូទាត់ឆ្លងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលផ្តល់សេវាទូទាត់ តាមរយៈកម្មវិធី Mobile App។

លោកស្រីបន្ថែមថា យើងមានមោទនភាពខ្លាំងណាស់ ដែលកម្ពុជាជាប្រទេស១ ក្នុងចំណោមប្រទេសដំបូងគេ ដែលបានអភិវឌ្ឍប្រព័ន្ធទូទាត់ ដោយប្រើបច្ចេកវិទ្យា ទំនើបចុងក្រោយមួយនេះ ហើយបានដាក់ឲ្យដំណើរការមុនគេ។ ទិសដៅនៅពេលអនាគតគឺ សម្លឹងមើលពី សក្តានុពល២សំខាន់ៗ៖

១៖ លទ្ធភាពក្នុងការធ្វើសមាហរណកម្ម ប្រព័ន្ធបាគងទៅក្នុងតំបន់ ដើម្បីផ្តល់លទ្ធភាពទូទាត់ ជាមួយប្រទេសក្នុងតំបន់ ASEAN។

២៖ ការជំរុញវិស័យ E-Commerce តាមរយៈការផ្តល់ភាពងាយស្រួល និងតម្លៃទាបក្នុងការទូទាត់ទំនិញ នេះជាគោលដៅដ៏សំខាន់ ក្នុងការជំរុញបរិយាប័នហិរញ្ញវត្ថុ ជាពិសេសចំពោះសហគ្រិនជាស្ត្រី។

លោកស្រីក៏បញ្ជាក់ថា ស្រ្ដីជាមនុស្សដែលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍសង្គមជាតិ ដោយធនាគារជាតិនៃកម្ពុជា កំពុងលើកកម្ពស់តួនាទី និងការចូលរួមរបស់ស្ត្រីក្នុងសង្គម។ ការចូលរួមរបស់ស្ត្រីក្នុងវិស័យធនាគារជាតិនៃកម្ពុជា បានរួមចំណែកសំខាន់ក្នុងការរៀបចំ គោលនយោបាយ និងបានចូលរួមលើកកម្ពស់សមភាពយ៉េនដ័រ ក្នុងវិស័យហិរញ្ញវត្ថុ។

លោកស្រី ជា សិរី បានឲ្យដឹងថា «ក្នុងនាមជាបងស្រី ជាម្តាយ និងអ្នកដឹកនាំជាស្ត្រីមួយរូប នាងខ្ញុំសូមផ្តាំផ្ញើដល់បងប្អូនស្ត្រីទាំងអស់ ខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងមិនត្រូវបោះបង់ ការសិក្សាជាដាច់ខាត។ ដើម្បីទទួលបានជោគជ័យ ត្រូវកំណត់គោលដៅក្នុងជីវិត និងស្វែងយល់ពីគោលដៅមួយនេះ ឲ្យបានច្បាស់លាស់ ហើយត្រូវខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅ»

លោកស្រីបន្ដថា «សូមកុំបោះបង់គោលដៅ សូមកុំស្ដាប់ពាក្យរិះគន់រហូត ដល់បោះបង់គោលដៅខ្លួនឯងឲ្យសោះ។ ស្ត្រីត្រូវហ៊ានប្រឈមមុខនឹងហានិភ័យ និងចាកចេញពី Comfort Zone របស់ខ្លួនតែមិនមានន័យថា មិនស្តាប់ដំបូន្មានចាស់ព្រឹទ្ធចារ្យនោះឡើយ»

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រី ដោយក្នុងនោះធនាគារជាតិ មានទេសាភិបាលរង២រូបជាស្ត្រី និងមានអគ្គនាយកស្ត្រី៣រូប ក្នុងចំណោមអគ្គនាយកទាំង៦រូប និងនៅមានបងប្អូនស្ត្រីជាច្រើនទៀត ដែលកំពុងបម្រើការងារ នៅធនាគារជាតិនៃកម្ពុជា នេះជាការសបញ្ជាក់ពីការយកចិត្តទុកដាក់ និងលើកកម្ពស់ស្រ្ដីកម្ពុជាពី ធនាគារជាតិនៃកម្ពុជា៕