(ភ្នំពេញ)៖ ពិព័រណ៌ Cambuild 19 ដែលជាពិព័រណ៌អាគារ សំណង់ មេកានិច និងអគ្គិសនីធំជាងគេបំផុតក្នុងប្រទេសកម្ពុជា ខ្នាតអន្តរជាតិលើកទី៩ បានដាក់បង្ហាញក្នុងពិព័រណ៌កោះពេជ្រចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។

ពិព័រណ៌នេះជាកន្លែងដ៏ល្អសម្រាប់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ស្ថាបត្យករ អ្នករចនាតុបតែង អ្នកម៉ៅការ វិស្វករ និងអ្នកលក់រាយ ដើម្បីស្វែងរកសម្ភារសំណង់ ឧបករណ៍សាងសង់ ការផ្គត់ផ្គង់គ្រឿងអគ្គិសនី និងថាមពលប្រព័ន្ធសុវត្ថិភាព និងអគ្គិភ័យ ផលិតផលផ្នែកម៉ាស៊ីនត្រជាក់ និងការផ្គត់ផ្គង់ផ្នែកការបន្សុទទឹក។

CAMBUILD 19 នឹងផ្តោតសំខាន់ទៅគំនិតច្នៃប្រឌិតថ្មីៗ និងសុវត្ថិភាព នៃអាគារដែលនឹងអភិវឌ្ឍន៍ប្រសិទ្ធភាព និងគុណភាពនៃសំណង់អាគារ។ អ្នកទិញជាង ១៥,០០០នាក់ ត្រូវបានរំពឹងទុកថា នឹងចូលរួមពិព័រណ៌ដែលពួកគាត់បានឃើញផលិតផលរាប់ពាន់ បច្ចេកវិទ្យាថ្មី ក៏ដូចជាការសម្ពោធផលិតផលថ្មី។

លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ពិព័រណ៌ពាណិជ្ជកម្មជាវេទិការដ៏ល្អបំផុត ដើម្បីស្វែងរកការផ្គត់ផ្គង់ និងបច្ចេកវិទ្យាថ្មី ទិញផលិតផលក្នុងតម្លៃទាបជាងទីផ្សារ និងទទួលបានព័ត៌មាន និងគំនិតថ្មី។

លោកបញ្ជាក់ថា អ្នកអភិវឌ្ឍន៍ទាំងអស់ ត្រូវតែអភិវឌ្ឍន៍គុណភាព និងសុវត្ថិភាព នៃអាគារដើម្បីធានាថា នឹងគ្មានការបាត់បង់ជីវិតតទៅទៀត។ លោកសង្ឃឹមថា អ្នកអភិវឌ្ឍន៍ និងអ្នកម៉ៅការ ត្រូវប្រតិបត្តិតាមគោលការណ៍ ក្បូនច្បាប់នៃការសាងសង់ និងរចនាទៅតាមស្តង់ដារអន្តរជាតិ សម្រាប់គ្រប់គម្រោងទាំងអស់។

តាមរយៈការបង្ហាញជូនការផ្គត់ផ្គង់ផលិតផល ផ្នែកអាគារ សំណង់ បច្ចេកវិទ្យាចាប់ពីសម្ភារតុបតែងលម្អ ប្រភេទអំពូលភ្លើងទំនើប សម្ភារផ្គត់ផ្គង់ទឹក និងបន្សុទទឹកដែលថ្មីបំផុត រហូតដល់ប្រព័ន្ធកម្ដៅខ្យល់ និងម៉ាស៊ីនត្រជាក់ ប្រព័ន្ធសុវត្ថិភាព និងការពារអគ្គិសនី ពិព័រណ៌ពាណិជ្ជកម្មជាវេទិការដ៏ល្អបំផុត ដើម្បីស្វែងរកការផ្គត់ផ្គង់ និងបច្ចេកវិទ្យាថ្មី ទិញផលិតផល ក្នុងតម្លៃទាបជាងទីផ្សារ និងទទួលបានព័ត៌មាន និងគំនិតថ្មី។

អ្នកទស្សនាពិព័រណ៌ CAMBUILD 19 អាចចូលរួមសិក្ខាសាលាដោយឥតគិតថ្លៃជាច្រើន ទាក់ទងនឹងគំនិតច្នៃប្រឌិតថ្មី ចំណេះដឹងផ្នែកបន្សុទ្ធកម្មទឹក សុវត្ថិភាព ម៉ាស៊ីនត្រជាក់ និងសម្ភារសំណង់ថ្មីៗ។

បើតាមលោក នួន វាសនា ប្រធានគ្រប់គ្រងក្រុមហ៊ុន UCOMA CO.,LTD ដែលបានចូលរួមដាក់ តាំងផលិតផត ម៉ាស៊ីនត្រជាក់ JINOWA ដែរនោះ បានលើកឡើងថា ការបើកពិព័ណ៌គ្រឿងសំណង់ គឺជាព្រឹត្តិការណ៍មួយ សម្រាប់បើកឱកាសដល់បណ្តាក្រុមហ៊ុនអ្នកវិនិយោគ ខាងវិស័យសំណង់បានជួបជុំគ្នា ដើម្បីផ្តល់បទពិសោធន៍ ហើយក៏ជាឱកាសមួយសម្រាប់បណ្តាក្រុមហ៊ុន អាចលក់ទំនិញរបស់ខ្លួន ជាមួយការ Promotion បញ្ចុះតម្លៃផងដែរ។

លោកបញ្ជាក់ថា ក្រុមហ៊ុន UCOMA CO.,LTD បានចូលរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការនាំចូលទំនិញម៉ាស៊ីនត្រជាក់ ដែលប្រកបទៅដោយផាសុខភាពសម្រាប់លំនៅដ្ឋាន មន្ទីរពេទ្យ និងអាគារបែបពាណិជ្ជកម្មជាដើម។

លោក នួន វាសនា បានបន្ថែមថា សម្រាប់វិស័យសំណង់នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ កាន់តែមានការរីកចម្រើនគួរឲ្យកត់។ យ៉ាងណាមិញមានក្រុមហ៊ុន ដែលបំពាក់ទៅដោយឧបករណ៍មួយចំនួន បានស្វះស្វែងនាំយកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ចូលមកកម្ពុជា ដើម្បីប្រើប្រាស់ឲ្យសាកសមទៅនឹងសម័យកាល៕