(ភ្នំពេញ)៖ ក្រុមបេសកកម្មពិគ្រោះយោបល់ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោក Toshinori Doi ប្រធាន AMRO បានបង្ហាញពីក្ដីរំពឹងយ៉ាងខ្ពស់ថា កម្ពុជានឹងនៅតែរក្សាបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងអត្រា៧.១% ជាមួយនឹងអត្រាអតិផរណាទាប និងស្ថិរភាពរឹងមាំនៃវិស័យធនាគារ។

ការបង្ហាញបែបនេះ របស់លោក Toshinori Doi ធ្វើឡើងក្នុងឱកាសដែលលោកត្រូវបាន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងជម្រាបជូនពីលទ្ធផលនៃបេសកកម្ម តាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១០-១៨ ខែកញ្ញា ឆ្នាំ២០១៩ ជាមួយលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

លោក Toshinori Doi បានសាទរចំពោះវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជា ដែលរាជរដ្ឋាភិបាលសម្រេចបាន។ សេដ្ឋកិច្ចកម្ពុជាសម្រេចបានសមិទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០១៨ ហើយសម្រាប់ឆ្នាំ២០១៩នេះ AMRO រំពឹងថាសេដ្ឋកិច្ចកម្ពុជាបន្តមានកំណើនរឹងមាំ ក្នុងអត្រាប្រមាណ៧.១% ជាមួយនឹងអត្រាអតិផរណាទាប និងស្ថិរភាពរឹងមាំនៃវិស័យធនាគារ។

លោក ជា ចាន់តូ ក៏បានថ្លែងអំណរគុណចំពោះការិយាល័យ AMRO តែងតែរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា ព្រមទាំងពង្រឹងការកសាងសមត្ថភាព ជំនាញរបស់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា៕