(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម មានរៀបចំវេទិកាសន្ទនា «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ជាមួយបណ្តាអង្គការសង្គមស៊ីវិលខេត្តកំពង់ចាម ក្រោមអធិបតីភាពរបស់លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម។ វេទិកាសន្ទនានេះ ត្រូវបានសហការរៀបចំឡើងដោយ វ.ស.ស. និងសាលាខេត្តកំពង់ចាម ក្នុងគោលដៅចូលរួមផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ច្បាប់ សិទ្ធិ និងកាតព្វកិច្ចរបស់អង្គការសង្គមស៊ីវិលទាំងអស់ និងលើកទឹកចិត្តឱ្យមានការចូលរួមជាដៃគូ សហការអភិវឌ្ឍពិតប្រាកដជាមួយរាជរដ្ឋាភិបាល សំដៅចូលរួមចំណែកក្នុងការសម្រេចឱ្យបានតាមគោលដៅទាំង១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០។

ថ្លែងក្នុងអង្គវេទិកានេះ លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានលើកឡើងពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់អង្គការសង្គមស៊ីវិល នៅក្នុងដំណើរការអភិវឌ្ឍជារួម ក៏ដូចជាការឈានទៅសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា តាមរយៈការត្រៀមលក្ខណៈនិងចូលរួមអនុវត្តគោលដៅទាំង ១៨ចំណុច។

លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានលើកទឹកចិត្ត និងជំរុញផងដែរ ឱ្យអង្គការសង្គមស៊ីវិលយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើសង្គតិភាពផែនការការងាររបស់ខ្លួន ជាមួយផែនការអភិវឌ្ឍន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍនៅតាមមូលដ្ឋានរបស់ខ្លួន។ ជាងនេះទៀត ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលឱ្យកាន់តែជិតស្និទ្ធថែមទៀត ដោយផ្អែកលើភាពជាដៃគូស្មោះត្រង់ ការផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក ក៏ដូចជាការបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាដ៏សំខាន់មួយទៀត ក្នុងឈានទៅរកការអភិវឌ្ឍប្រកបដោយជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា វេទិកាសន្ទនានេះក៏បានបើកទូលាយឱ្យអង្គការសង្គមស៊ីវិលនិងអាជ្ញាធរពាក់ព័ន្ធ បានជជែកពិភាក្សាដោយត្រង់ទៅត្រង់មក និងបានចូលរួមដោះស្រាយបញ្ហាប្រឈមនានា និងសំណូមពរផ្សេងៗ ដែលអង្គការសង្គមស៊ីវិលបានជួបប្រទះនាពេលកន្លងមក និងបានលើកឡើង។ អង្គការសង្គមស៊ីវិលបានបង្ហាញនូវការពេញចិត្ត និងការគាំទ្រយ៉ាងខ្លាំងចំពោះការរៀបចំវេទិកាសន្ទនានេះ ហើយនឹងបន្តបង្កើនការសហការស្មោះត្រង់ ជាមួយគ្រប់ភាគីដើម្បីជំរុញការអភិវឌ្ឍ នៅតាមបណ្តាមូលដ្ឋាន៕