(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបលោកស្រី គ្លូរៀឡៃ នាយកតំបន់អាស៊ីគោល នយោបាយសម្ព័ន្ធគ្រឿងញៀនអន្តរជាតិ ដើម្បីពិភាក្សាការងារ។

ក្នុងឱកាសនោះ លោកស្រី គ្លូរៀ ឡៃ បានប្រាប់ពីគោលបំណង នៃជំនួបនោះថា ចង់ស្វែងយល់ពីស្ថានភាពទូទៅ នៃបញ្ហាគ្រឿងញៀន និងអ្នកទោសបទល្មើសគ្រឿងញៀនជាប់ឃុំក្នុងពន្ធនាគារ នៅកម្ពុជា។

ជាការឆ្លើយតបវិញ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានជម្រាបជូនភ្ញៀវស្ថានភាពទូទៅ នៃបញ្ហាគ្រឿងញៀនកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការប្រយុទ្ធប្រឆាំងគ្រឿង ញៀន តាមរយៈការដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ប្រាប់ភ្ញៀវបន្ថែមថា «តាមរយៈផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង ៤លើកនេះ កម្ពុជាបានធ្វើការបង្រ្កាបឧក្រិដ្ឋជន ដឹកជញ្ជូន ចរាចរ រក្សាទុក និងជួញដូរគ្រឿងញៀន ហើយបញ្ជូនទៅតុលាការ ឲ្យទទួលទោសតាមច្បាប់រួចដាក់ពន្ធនាគារបានជាច្រើននាក់ ប៉ុន្តែមិនមានអ្នកប្រើប្រាស់គ្រឿងញៀនណាម្នាក់ ត្រូវចាប់ខ្លួនដាក់ពន្ធនាគារឡើយ»

នាយឧត្តមសេនីយ៍បានពន្យល់ទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកអ្នកញៀនគ្រឿងញៀន គឺជាជនរងគ្រោះដែលត្រូវទទួលបានការព្យាបាល និងស្តារនីតិសម្បទាពួកគេឡើងវិញដោយមិនបង់ប្រាក់។ ទន្ទឹមគ្នានេះ កម្ពុជាមានវិធានការច្បាស់លាស់មួយ គឺមិនទុកអ្នកញៀនណាម្នាក់ឲ្យនៅឯកោរនោះទេ ពួកគេត្រូវតែទទួលបានការព្យាបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យក្នុងសហគមន៍របស់គេ ដោយគ្មានការរើសអើង។ នេះជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍៕