(ត្បូងឃ្មុំ)៖ ដើម្បីពង្រឹងគុណភាពទំនិញ សុវត្ថិភាពម្ហូបអាហារ ក្នុងកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងកំលាំងសន្តិសុខផ្សារ បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ផ្សព្វផ្សាយអំពី ការជ្រើសរើស និងរក្សាសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារជីមាន់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានបញ្ជាក់ថា បន្ទាប់ពីបានត្រួតពិនិត្យគុណភាពទំនិញជាគ្រឿងឧបភោគ និងបរិភោគ ដោយផ្តោតលើស្លាកសញ្ញាលើសំបកវេចខ្ចប់ កាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ដាក់លក់ក្នុងផ្សារជីមាន់រួចមក ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ និងធ្វើការដកហូត ស្រាបៀរ និងភេសជ្ជៈចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់បានចំនួន១១១កំប៉ុង និង០៥ដប ក្នុងនោះទឹកភេសជ្ជៈចម្រុះចំនួន៩០កំប៉ុង និង០៥ដប និងស្រាបៀរចម្រុះចំនួន២៥កំប៉ុង។ ចំណែកភេសជ្ជ:ដែលរៀបនៅក្នុងស្លាដក់ សម្រាប់លក់ទៅឲ្យពលរដ្ឋយកទៅវត្ត ស្របពេលឳកាសបុណ្យភ្ជុំបិណ្ឌនោះ គឺមានគុណភាពល្អ។

លោកប្រធានកាំកុងត្រូលខេត្តឲ្យដឹងទៀតថា លើសពីនេះ បានត្រួតពិនិត្យសុវត្ថិភាពផលិតផល ស្ពៃជ្រក់ ឆៃប៉ូវ ត្រសក់ត្រាំ ដោយប្រើឧបករណ៌តេស្តឃីដ ដើម្បីរកមើលសារធាតុគីមីហាមឃាត់ ប្រភេទអាស៊ីតសាលីសាលិក និងផលិតផលត្រីប្រឡាក់មួយចំនួនទៀត ក្នុងគោលបំណងស្វែងរកសារធាតុគីមីហាមឃាត់បូរ៉ាក់ (ទឹកអន្សារ)។ ជាលទ្ធផលមន្ត្រីកាំកុងត្រូល ពុំបានរកឃើញសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផល ទាំងនោះឡើយ ។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលបានធ្វើការបិទ Poster ពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញជាគ្រឿងឧបភោគ និងបរិភោគ ព្រមទាំងធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករមុននឹងយក ទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួស កាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕