(ក្វាងស៊ី, ចិន)៖ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងមានការចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសមាជិកគណៈប្រតិភូអន្តរក្រសួង នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមកាត់ខ្សែបូសម្ពោធ និងទស្សនាស្តង់ផលិតផលខ្មែរ និងសេវាកម្ម ស្ថិតនៅក្នុងពន្លាជាតិកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគទុន ដែលបានមកចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជម្រាបជូនបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នកចូលរួមទាំងអស់ អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព តាមរយៈការជំរុញបង្កើនសកម្មភាពពាណិជ្ជកម្ម ការបើកច្រកទីផ្សារទាំងក្នុងតំបន់ និងពិភពលោកជូនវិស័យឯកជន ហើយការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាននេះ គឺដើម្បីបង្ហាញពីភាពស្មើមុខស្មើមាត់ ស្មើសិទ្ធិ និងស្មើភាពគ្នារបស់កម្ពុជា ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ និងចូលរួមផ្សព្វផ្សាយពីផលិតផលសក្តានុពលរបស់កម្ពុជា សម្រាប់ជំរុញការនាំចេញ ផ្សព្វផ្សាយអំពីទេសចរណ៍ វប្បធម៌ ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងរិតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអន្តរជាតិ ជាដើម -ល-។

ពិព័រណ៍ចិន-អាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំ របស់រដ្ឋបាលតំបន់ស្វយ័តខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំលើកដំបូង នៅក្នុងឆ្នាំ២០០៤ តាមគំនិតផ្តួចផ្តើមរបស់ លោក វិន ជាបាវ អតីតនាយករដ្ឋមន្រ្តីចិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី៧ ហើយទទួលបានការគាំទ្រពីបណ្តាមេដឹកនាំ នៃប្រទេសអាស៊ានទាំងអស់។

ក្នុងឆ្នាំ២០១៩នេះ ប្រទេសកម្ពុជា បានដឹកនាំពាណិជ្ជករមកចូលរួមមានចំនួន៩៩ក្រុមហ៊ុន និងមានស្តង់សរុបចំនួន១៤៥ស្តង់ ក្នុងនោះ ស្តង់ផលិតផលកសិកម្មមានចំនួន៤១ស្តង់ ស្មើ២៨ភាគរយ, សេវាកម្ម និងគម្រោងវិនិយោគ២៨ស្តង់ ស្មើ១៩ភាគរយ, ម្ហូបអាហារ និងភេសជ្ជៈ២២ស្តង់ ស្មើ១៥ភាគរយ, សិប្បកម្ម៣៥ស្តង់ ស្មើ២៤ភាគរយ និងផលិតផលវត្ថុអនុស្សាវរីយ៍ ចំនួន១៩ស្តង់ ស្មើនឹង១៣ភាគរយ។

បន្ទាប់ពីទទួលបានជោគជ័យ ក្នុងរយៈពេល១៦ឆ្នាំ កន្លងមកនេះ ព្រឹត្តិការណ៍ពិព័រចិន-អាស៊ាន បានក្លាយជាវេទិកាសំខាន់មួយ សម្រាប់ជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច នយោបាយ ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងការទូត ជាពិសេសកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានទាំង១០៕