(ភ្នំពេញ)៖ មន្ត្រីអ៊ីរ៉ាក់២៥នាក់ បានបញ្ចប់ដោយជោគជ័យវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន ពីប្រទេសកម្ពុជា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល រយៈពេល៤០ថ្ងៃ។

រសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ មានរៀបចំពិធីបិទវគ្គប្រតិបត្តិការ កម្មវិធីហ្វឹកហ្វឺនអ៊ីរ៉ាក់ លើវគ្គជំនាញកំទេចយុទ្ធភណ្ឌមិនទាន់ផ្ទុំ (EOD) កម្រិត៣ គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា នេះជាលើកទី៦ ដែលសិក្ខាកាមអ៊ីរ៉ាក់ បានមកហ្វឹកហ្វឺនជំនាញបោសសម្អាតមីន នៅកម្ពុជាជាមួយអង្គភាពស៊ីម៉ាក់។

លោកបញ្ជាក់ថា វគ្គហ្វឹកហ្វឺនលើកទី៦នេះ មានសិក្ខាកាមចំនួន២៥នាក់ ដែលមកពីស្ថាប័នផ្សេងគ្នារួមមានក្រសួងមហាផ្ទៃ អង្គភាពកំចាត់មីនឃើត និងក្រសួងបរិស្ថាន ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានហ្វឹកហ្វឺនសកម្មភាពមីនស៊ីម៉ាក់ សារមន្ទីរសន្តិភាពសកម្មភាពមីន នៅខេត្តសៀមរាប កងឯកភាពកំចាត់មីនទី២ និងកងឯកភាពកំចាត់មីន៥ ដែលមានរយៈពេល៤០ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩៕