(កំពង់ស្ពឺ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសហការីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់មណ្ឌលកុមារកំព្រាភូមិខៃស៍ នៃអង្គការ ឧបត្ថម្ភកុមារកំព្រា (អង្គការ ខៃស៍ ឃីតស៍-KaisKids) ដែលមានកុមារពិការ កុមារខ្សោយសតិបញ្ញា កុមារកំព្រាចំនួន ៨៣នាក់ (ក្នុងនោះកុមាររស់នៅក្នុងមណ្ឌល ៣៨នាក់ និងក្រៅមណ្ឌល ៤៥នាក់) រួមនឹងបុគ្គលិក ១០នាក់ ស្ថិតក្នុងភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ការចុះសំណេះសំណាលនេះ បានធ្វើឡើង ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ នៅថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៩ នេះ ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ចំពោះកុមារទាំងអស់ ព្រមទាំងថ្លែងអំណរគុណ និងការកោតសរសេីរចំពោះគណៈគ្រប់គ្រង បុគ្គលិក នៃមណ្ឌល ដែលមានទឹកចិត្តមនុស្សធម៌ អាណិតស្រឡាញ់ក្មេងៗ សុខចិត្តលះបង់ពេលវេលាជាមួយគ្រួសារ ដេីម្បីចិញ្ចឹមបីបាច់ ថែទាំ ផ្តល់អាហារ និងការ ស្នាក់ នៅ ដល់កុមារទាំងអស់ ជាពិសេសកុមារដែលត្រូវឪពុកម្តាយ បោះបង់ចោល។

ទន្ទឹមនឹងនេះ ដែរ លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្មួយៗកុមារទាំងអស់ ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ទម្លាប់ហូបស្អាត និងផឹកទឹកដាំឆ្អិន ហើយត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ចេះជួយគ្នាទៅវិញ-ទៅមក ចេះគោរពចាស់ទុំ គោរពវិន័យរបស់មណ្ឌល និងត្រូវជៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រ ឱ្យបានពូកែ។

ជាការឆ្លេីយតប លោក សួង សន្តិភាព ហៅ លោក សាន់នី ជាប្រធាន អង្គការ តំណាងឱ្យបុគ្គលិក និងកុមារទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ដែលបានផ្តល់ក្តីអាណិត ស្រឡាញ់យ៉ាងកក់ក្តៅ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹម ដល់កុមារទាំងអស់ និង ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលបានផ្តល់ជូនមណ្ឌល រួមមាន៖ អង្ករ ២តោន មី ៣០កេស ត្រីខ ៥០០កំប៉ុង ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៤ដប ទឹកក្រូច ២០កេស ទឹកសុទ្ធ ២០កេស ផ្លែក្រូច ២០កេស សៀងផ្អែម ២០គីឡូក្រាម ឆៃប៉ូវផ្អែម ២០គីឡូក្រាម ត្រីងៀត ១០គីឡូក្រាម សាច់ក្រក ១០គីឡូក្រាម សៀវភៅ ១០០ក្បាល ប៊ិក ១០០ដេីម អាវយឺត ១០០អាវ និងថវិកា ៥លាន រៀល ។

ដោយឡែក កុមារទាំង ៨៣នាក់ ក្នុងម្នាក់ៗទទួលបាន៖ ឃីត ១ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) សំលៀកបំពាក់សិស្សថ្មី ១កំប្លេ និងថវិកា ២ម៉ឺន រៀល ។

រីឯ បុគ្គលិក ១០នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) និងថវិកា ១០ម៉ឺនរៀល ។ ទន្ទឹមនេះ កុមារ និងបុគ្គលិកទាំងអស់ នៅទទួលបានអាហារដ៏ឆ្ងាញ់ពិសា ១ពេលទៀតផងដែរ៕