(ភ្នំពេញ)៖ ប្រតិភូកីឡាតេក្វាន់ដូ-កម្ពុជា ITF ដឹកនាំដោយលោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការកីឡាតេក្វាន់ដូ ITF-កម្ពុជា តំណាងលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូITF អន្តរជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំកីឡាករ កីឡាតេក្វាន់ដូ ITF កម្ពុជា ចំនួន៤០នាក់ ទៅទស្សនកិច្ចនៅក្នុងក្រុមហ៊ុនខ្មែរប៊ែវើរេជីស។

នៅក្នុងឱកាសនោះដែរ លោក បួនហ៊ីង សុធីយ៉ា ក៏បានថ្លែងអំណរគុណដល់លោកឧកញ៉ាដែលជាម្ចាស់ក្រុមហ៊ុនផលិត ស្រាបៀរកម្ពុជាខ្មែរប៊ែវើរេជីស ដែលបានអញ្ជើញលោក និងក្រុមកីឡាតេក្វាន់ដូITF បានចូលទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ហើយលោកក៏អរគុណ ចំពោះលោកឧកញ៉ា ដែលបានជួយគាំទ្រដល់កីឡាករនាពេលកន្លងមកនេះ ជាពិសេសគឺលោកឧកញ៉ាតែងតែជួយឧបត្ថម្ភផ្ទាល់ ដល់ក្រុមកីឡាតេក្វាន់ដូ ITF រាល់ពេលដែលចេញទៅប្រកួតទាំងក្នុង និងក្រៅប្រទេស។

ក្នុងនោះដែរ លោកស្រី លី សុខឆេង សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ក៏បានកោតសរសើរចំពោះក្រុមកីឡាករតេក្វាន់ដូ ITF ដែលបានដណ្ដើមបានមេដាយមាសជូនមាតុភូមិ ដែលជាមោទនភាពជាតិមួយដ៏ធំបំផុត និងមុខមាត់របស់ជាតិកម្ពុជា នៅលើឆាកអន្តរជាតិ បន្ថែមពីនេះ ជាការបង្ហាញឱ្យឃើញនូវការរីកចម្រើនលើវិស័យកីឡាការរីកដុះដាល និងរីកចម្រើនរបស់ជាតិទាំងមូល។

តាមរយៈស្នាដៃដ៏ធំធេងរបស់ក្រុមកីឡាករតេក្វាន់ដូITFកម្ពុជា ក្នុងនាមតំណាងក្រុមហ៊ុន លោកស្រីនឹងបន្តសហការជួយដល់ក្រុមកីឡាតេក្វាន់ដូ ITF បន្តទៀត។

បន្ទាប់ពីប្រតិភូកីឡាករ កីឡាការិនី បានដើរទស្សនកិច្ចនៅក្នុងក្រុមហ៊ុនរួចមក កីឡាករ កីឡាការិនី ក៏បានសម្តែងក្បាច់គុណកីឡាតេក្វាន់ដូITF ដើម្បីបង្ហាញទៅថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនខ្មែរប៊ែវើរេជីស ព្រមទាំងរៀបចំប្រកួតកីឡាបាល់ទាត់ជាលក្ខណៈមិត្តភាព រវាងបុគ្គលិកក្រុមហ៊ុន និងកីឡាករផងដែរ។

បើតាមរយៈទំព័រ Facebook ផ្លូវការរបស់លោក កែវ រ៉េមី ដែលបានបង្ហោះនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា «ក្រៅពីការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និង CAMSOC 2023 គឺមានតែក្រុមហ៊ុនភេសជ្ជៈខ្មែរប៊ែវើរេជីស តែមួយគត់ដែលបានជួយដល់តេក្វាន់ដូ ITF។ ក្រុមហ៊ុននេះ បានរៀបចំដល់កីឡាករជ័យលាភីរបស់យើងបន្ថែមទៀត»

គួរបញ្ជាក់ថា ចំពោះសមិទ្ធផល នៃបេសកកម្មខាងលើ ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿង ដោយកីឡាករ ប៉ាល់ ជីវ័ន្ត លើវិញ្ញាសាសម្ដែងមេគុនឯកត្តជនកម្រិត ៥ដាន់ និងមេដាយប្រាក់ ២ គ្រឿង ដណ្ដើមបានលើវិញ្ញាសាប្រយុទ្ធឯកត្តជនទម្ងន់ ៤៥គីឡូក្រាម ដោយកីឡាករ បួនចាន់ ថារ៉ាត់ និងវិញ្ញាសាសម្ដែងពិសេស ៦នាក់ ។ រីឯមេដាយសំរឹទ្ធ ដណ្ដើមបាន ២ គ្រឿង លើវិញ្ញាសាសម្ដែងបុរសជាក្រុម ៤នាក់ និងវិញ្ញាសាបំបែកក្ដារអាយុ ៤០ ដល់ ៤៩ឆ្នាំឯកត្តជន ។

ទន្ទឹមជាមួយជោគជ័យនេះដែរ ក៏មានបុគ្គលិកឆ្នើមតេក្វាន់ដូ ITF កម្ពុជា ២រូប ដែលធ្វើឲ្យកម្ពុជាមានមុខមាត់លើឆាកអន្ដរជាតិផងដែរ ទី១-លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ត្រូវបានសមាជិកសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្ដរជាតិ បោះឆ្នោះធ្វើជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFអន្តរជាតិ និងទី២-លោក បួនហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធ ត្រូវបានគណៈកម្មការអន្ដរជាតិ ប្រគល់សញ្ញាបត្របញ្ជាក់ខ្សែក្រវាត់ ៧ដាន់ ក្នុងព្រឹត្តិការណ៍ខាងលើផងដែរ៕