(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា យុវតីកម្ពុជាម្នាក់បានឈ្នះ ការតស៊ូមតិថ្នាក់តំបន់របស់យុវជនអាស៊ាន ស្តីពីសិទ្ធិមនុស្ស ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។

សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា លោកស្រី ហ៊ាន ប៉ូលីណេ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំអាយឆា (AICHR4Cambodia) នៃទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូកម្ពុជានិងយុវជនជ័យលាភីថ្នាក់ជាតិតំណាងប្រទេសកម្ពុជាចំនួន៣រូប ដើម្បីចូលរួមកម្មវិធី ការតស៊ូមតិថ្នាក់តំបន់របស់យុវជនអាស៊ាន ស្តីពីសិទ្ធិមនុស្ស ឆ្នាំ២០១៩ ដែលមានប្រទេសថៃជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។

ការតស៊ូមតិនេះ មានគោលបំណង (១)៖ លើកកម្ពស់ការយល់ដឹងរបស់យុវជននៅក្នុងតំបន់អាស៊ាន ស្តីពីសិទ្ធិមនុស្ស (២)៖ លើកកម្ពស់ជំនាញក្នុង​ការនិយាយជាសាធារណៈ ការត្រិះរិះពិចារណា ភាពជាអ្នកដឹកនាំ និងសាមគ្គីភាពក្នុងចំណោមយុវជនអាស៊ាន និង (៣)៖ ជាវេទិកាលើកកម្ពស់​កិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ានលើវិស័យសិទ្ធិមនុស្ស និងយុវជន។

កម្មវិធីនេះមានប្រធានបទចំនួន៥ សម្រាប់ឱ្យយុវជនធ្វើការតស៊ូមតិគឺ (១)៖ ការកំណត់ចំនួន និងពេលវេលាសម្រាប់ភ្ញៀវទេសចរ ក្នុងការមកទស្សនាឧទ្យានជាតិ (២)៖ ការកាត់ទោសបទល្មើសឧក្រិដ្ឋកម្មចំពោះអនីតិជនដែលមានអាយុចាប់ពី១៦ឆ្នាំឡើង (៣)៖ ការអនុវត្តច្បាប់ ស្តីពីពន្ធលើកាបូនក្នុងតំបន់អាស៊ាន (៤)៖ ថ្នាំវេជ្ជសាស្ត្រ​ដែលផលិតចេញពី Marijuana គួរតែត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយស្របច្បាប់នៅក្នុងតំបន់អាស៊ាន និង (៥)៖ ប្រព័ន្ធអឺនធឺណិតបច្ចុប្បន្ន​តម្រូវឱ្យមានការត្រួតពិនិត្យពីរដ្ឋាភិបាល។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បន្ទាប់ពីបានប្រកួតប្រជែងការតស៊ូមតិដ៏ស្វិតស្វាញ កញ្ញា សុខ សូនីតា ដែលជាយុវជនជ័យលាភីថ្នាក់ជាតិរបស់កម្ពុជា បានទទួលជ័យលាភីជាយុវជនដែលមានវោហាសព្ទឆ្នើមរបស់ថ្នាក់តំបន់អាស៊ាន ក្នុងចំណោមជ័យលាភី៤រូបផ្សេងទៀត ដែលមកពីបណ្តាប្រទេសអាស៊ាន រួមមាន ប្រទេសម៉ាឡេស៊ីចំនួន១រូប
ប្រទេសហ្វីលីពីនចំនួន១រូប និងប្រទេសសិង្ហបុរីចំនួន២រូប៕