(ភ្នំពេញ)៖ អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានកម្មករ និងជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន ដែលមានបទពិសោធន៍ ចូលរួមចរចាប្រាក់ឈ្នួលកម្មករតាំងពីទស្សវត្សឆ្នាំ៩០ បានឲ្យដឹងថា នៅពេលនោះសម្លេងភាគច្រើន នៃសមាជិកអង្គប្រជុំបានបោះឆ្នោតយកទូរលេខ១៨៧ដុល្លារ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែមចំនួន៣ដុល្លារទៀត ដូចនេះប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នៅឆ្នាំ២០២០ ឡើងដល់ចំនួន១៩០ដុល្លារ ក្នុង១ខែ គឺស្មើនឹងប្រាក់ឈ្នួលអប្បបរមាតំបន់ខ្ពស់បំផុត នៅប្រទេសវៀតណាម។
លោក សោម អូន បានបន្ថែមថា នៅប្រទេសវៀតណាម ប្រាក់ឈ្នួលអប្បបរមាគេចែកជា៤តំបន់ខុសៗគ្នា គឺតំបន់១ជាតំបន់ខ្ពស់បំផុត ចំនួន១៩០ដុល្លារ, តំបន់២ចំនួន១៦៨ដុល្លារ, តំបន់៣ចំនួន១៤៣ដុល្លារ និងតំបន់៤ចំនួន១៣២ដុល្លារ។ នយោបាយផ្តល់ប្រាក់ឈ្នួល ទៅតាមតំបន់ខុសៗគ្នា គឺជាសក្តានុពល ប្រកួតប្រជែង និងទាក់ទាញអ្នកវិនិយោគឲ្យចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារនៅតាមបណ្តាខេត្ត ឬតំបន់ដាច់ស្រយាល ដែលមានប្រាក់ឈ្នួលទាប និងទទួលបានផលចំណេញច្រើន។
មេសហជីពនៅកម្ពុជារូបនេះ បានបន្ថែមទៀតថា ជាធម្មតាអ្នករកស៊ីគេគិតពីភាពចំណេញជាធំ ខុសពីការងារមនុស្សធម៌ ដែលមិនគិតពីភាពចំណេញ ដូចនេះអ្នកវិនិយោគ តែងតែសម្លឹងមើលទៅលើតារាងប្រាក់ឈ្នួលកម្មករ នៃប្រទេសនីមួយៗ មុននឹងសម្រេចចិត្តដាក់ទុនវិនិយោគ។
លោក សោម អូន បានបញ្ជាក់ថា ទោះបីមានការព្រួយបារម្មណ៍ ក្នុងភាពប្រកួតប្រជែងក៏ដោយ ក្នុងនាមលោកជាអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាតំណាងភាគីសហជីពកម្មករ លោកសូមចូលរួមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតទាំងអស់ ដែលនឹងទទួលបានប្រាក់ឈ្នួលទាបបំផុត១៩០រ ដុល្លានៅឆ្នាំ២០២០។
បើបូកបន្ថែមជាមួយអត្ថប្រយោជន៍ដែលមានចែងក្នុងច្បាប់ គឺបងប្អូនកម្មករធ្វើការតែ៨ម៉ោង នឹងទទួលបាន២០៧ដុល្លារក្នុង១ខែ។ ជាមួយនេះដែរ បើសិនជាធ្វើការបន្ថែមម៉ោង និងបូកបញ្ចូលរួមជាមួយអត្ថប្រយោជន៍ផ្សេងៗទៀត ដែលមិនមានចែងក្នុងច្បាប់ ប្រាក់ឈ្នួលបងប្អូនកម្មករ នឹងកើនឡើងលើស២០៧ដុល្លារ ដល់៣០០ដុល្លារ ក្នុង១ខែសម្រាប់កម្មករធម្មតា ប៉ុន្តែបើសិនជាកម្មករមានជំនាញ គឺនឹងទទួលបានលើស៣០០ដុល្លារ។
លោក សោម អូន ក៏បានចែករំលែក នូវតារាងប្រាក់ឈ្នួលអប្បបរមាកម្មកររបស់ប្រទេសមួយចំនួន ដែលកំពុងតែមានសក្តានុពលប្រកួតប្រជែង ជាមួយប្រទេសកម្ពុជា៖ ស្រីលង្គកា៧១ដុល្លារ, ឥណ្ឌាទាបបំផុត១២១ដុល្លារ និងខ្ពស់បំផុត១៥០ដុល្លារ, បង់ក្លាដេស៩៦ដុល្លារ, ឥណ្ឌូនេស៊ី ទាបបំផុត១០៩ដុល្លារ និងខ្ពស់បំផុត២៧២ដុល្លារ, ភូមា១០៨ដុល្លារ, ហ្វីលីពីន ទាបបំផុត១៣៥ និងខ្ពស់បំផុត២៦៥ដុល្លារ, ឡាវ១៣៣ដុល្លារ, ប៉ាគីស្ថាន១៣៦ដុល្លារ, ចិន ទាបបំផុត១៥៩ដុល្លារ និងខ្ពស់បំផុត ៣៦៥ដុល្លារ, កម្ពុជា១៨២ដុល្លារ (២០១៩) និង១៩០ដុល្លារ (២០២០), វៀតណាម ចែកជា៤តំបន់ សម្រាប់ឆ្នាំ២០២០៖ តំបន់១ ចំនួន១៩០ដុល្លារ, តំបន់២ ចំនួន១៦៨ដុល្លារ, តំបន់៣ ចំនួន១៤៣ដុល្លារ និងតំបន់៤ ចំនួន១៣២ដុល្លារ៕