(កណ្តាល)៖ ដើម្បីផ្សារភ្ជាប់ជាមួយបងប្អូន ប្រជាពលរដ្ឋស្រុកមុខកំពូល លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកមុខកំពូល និងលោកស្រី វូ សុភៈទេវី ព្រមទាំងសហការីក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកមុខកំពូល រួមទាំងបងប្អូន ប្រជាពលរដ្ឋ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលយ៉ាងច្រើនកុះករ បានរួមគ្នាអញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តរតនៈបុប្ជារាម ស្ថិតនៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ។

នៅក្នុងឱកាសនោះ លោក វង្សី វិស្សុត និង លោកស្រី រួមជាមួយនឹងសហការីក្នុងក្រុមការងារ រួមទាំងពុទ្ធបរិស័ទទាំងអស់ បាននិមន្តព្រះសង្ឈធ្វើបទនមសិកាព្រះរតនត្រ័យ សមាទានសីល រាប់បាត្រវេរភក្សាហារ ប្រគេនព្រះសង្ឈ ឧទ្ទិសមគ្គផលជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយ មានមាតា បីតា ជីដូន ជីតា ព្រមទាំងញាតិសារលោហិត ទាំងប្រាំពីរសណ្តាន ដែលបានបែកកាយរំលាយក្ខន្ធ ទៅកាន់លោកខាងមុខ និងមួយចំណែកទៀត ឧទ្ទិសជូនយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ និងមួយផ្នែកទៀត ឧទ្ទិសជូនប្រជាពលរដ្ឋខែ្មរដែលត្រូវបានសម្លាប់ក្នុងរបបពលពត សូមឱ្យអំណាចផល្លានុសង្ឈ ដែលបានកើតអំពីពិធីបុណ្យនេះ ជួយយឺតយោងសណ្តោងដល់វិញ្ញាណក្ខន្ធអស់លោក ទាំងនោះឱ្យបានសោយសុខ ក្នុងសុខគតិភពជាភិយ្យោភាពតរៀងទៅ។

នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលតែងនៅជាប់ជាមួយនឹងប្រជាជន និងបានបម្រើប្រជាជនគ្រប់កាលៈទេសៈ ដោយភាពស្មោះត្រង់។ លោកបានបន្តថា ការអភិវឌ្ឍរីកចម្រើន ដែលកម្ពុជាយើងសម្រេចបានមកទល់នឹងសព្វថ្ងៃនេះ គឺដោយសារកត្តាសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងបន្តធ្វើអ្វីៗ ទាំងអស់ ដើម្បីថែរក្សាសន្តិភាព, ស្ថេរភាពនយោបាយ, ផលប្រយោជន៍ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាជន ជាពិសេសការផ្សារ ភ្ជាប់ការអភិវឌ្ឍរបស់ប្រទេស ជាមួយនឹងជីវភាពរស់នៅ របស់ប្រជាជន និងដើម្បីធ្វើឱ្យប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើនជឿនលឿន និងរុងរឿង ដូចប្រទេសគេដទៃ ពិសេសដើម្បីធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូបមានជីវភាពកាន់តែប្រសើរឡើង។

នៅក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដល់ការផ្តល់សេវាសាធារណៈ គ្រប់ប្រភេទជូនប្រជាពលរដ្ឋ និងត្រូវគ្រប់គ្រង ការអភិវឌ្ឍនៅមូលដ្ឋានឱ្យបានល្អ ពិសេសបញ្ហាលូទឹក និងសំរាម និងត្រូវការពារថែរក្សាឱ្យបានដាច់ខាតនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋគ្រប់ប្រភេទ។

លោកបានស្នើសុំឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវមានភាពម៉ឹងម៉ាត់ក្នុងការអនុវត្តច្បាប់ និងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន៕

លោក វង្សី វិស្សុត និង លោកស្រី រួមជាមួយនឹងសហការីក្នុងក្រុមការងារ បានប្រគេនទេយ្យទានដល់ព្រះសង្ឃ រួមទាំងបច្ច័យសម្រាប់ជាវគង និងបច្ច័យមួយចំនួនទៀត សម្រាប់បន្តកសាងសមិទ្ធផលផ្សេងៗនៅក្នុងវត្ត និងបានជូនថវិកាមួយចំនួនដល់គណៈកម្មការអាចារ្យ តាជីយាយជី និងពុទ្ធបរិស័ទដែលចូលរួមផងដែរ ៕