(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា អតីតយុទ្ធជន មានឥទ្ធិពលក្នុងការផ្សព្វផ្សាយ ចែករំលែកការលំបាក និងបទពិសោធន៍ឈឺចាប់ ដើម្បីឲ្យក្មេងជំនាន់ក្រោយបានដឹង ព្រោះថាអ្នកដែលមានជីវិត មកដល់សព្វថ្ងៃនេះ គឺសុទ្ធតែមានសំណាង។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូនយោធិនត្រូវចូលនិវត្តន៍ ឆ្នាំ២០១៩ របស់យោធភូមិភាគទី៤ និងកងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោក នៅទីបញ្ជាការយោធភូមិភាគទី៤ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា «កងទ័ពរបស់យើងបានបញ្ចប់សង្គ្រាមផ្ទៃក្នុង ហើយយើងរួបរួមគ្នាកសាងប្រទេស ការពារជាតិបូរណភាពទឹកដី ការពារសុខសន្តិភាពផ្ទៃក្នុង។ នេះគឺជាគុណូបការៈ បទពិសោធន៍ និងគំរូរបស់អ៊ំពូមីងបន្តទុកឲ្យក្មេងជំនាន់ក្រោយ។ បើទោះបីអ៊ំពូមីង បញ្ចប់ការងារជាកងកម្លាំងក៏ដោយ ប៉ុន្តែអ៊ំពូមីង គឺជាធនធានរបស់ជាតិ»។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ការជួបជុំ និងការបំពាក់ឋានន្តរសក្តិជូនយោធិន ដែលត្រូវចូលនិវត្តន៍នាពេលនេះ គឺក្នុងគោលបំណងថ្លែងអំណរគុណ ចំពោះគុណូបការៈ ស្នាដៃ និងការខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិជាពិសេស ស្ថិតនៅក្នុងដំណាក់កាលលំបាក ក្នុងការរំដោះជាតិ និងថែរក្សាសុខសន្តិភាព និងការសម្រេចបាននូវយុទ្ធសាស្ត្រឈ្នះឈ្នះ ហើយធ្វើឲ្យយើងមានសុខសន្តិភាពដូចសព្វថ្ងៃនេះ។
លោកសង្កត់ធ្ងន់ថា បើគ្មានការចូលរួមពីអតីតយុទ្ធជន និងកងកម្លាំងគ្រប់មាន នៃការនយោបាយចូលរួមទេ កម្ពុជាក៏មិនអាចសម្រេចបាន នៃយុទ្ធសាស្ត្រឈ្នះឈ្នះនោះដែរ។ មួយវិញទៀតការជួបជុំនេះ គឺដើម្បីអបអរសាទរចំពោះអតីតយុទ្ធជន ដែលត្រូវបានព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិដំឡើងឋានន្តរសក្កិជូន ដែលនេះ គឺជាប្រវត្តិសាស្ត្រហើយសម្រាប់កងទ័ពកម្ពុជា ដែលមានការបំពាក់សក្កិមុនចូលនិវត្តន៍៕