(ភ្នំពេញ)៖ គម្រោង «រាយស៍ថេក» ត្រូវបានដាក់ដំណើរការផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយរំពឹងថា គម្រោងនេះនឹងចូលរួមដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង តាមរយៈការបង្កើនផលិភាព នៃការបង្កើតស្រូវសិរីរាង្គទៅទីផ្សារអឺរ៉ុប។

គម្រោងចុះហត្ថលេខា និងសម្ពោធគម្រោង «រាយស៍ថេក» ដោយក្រុមហ៊ុន SanoRice, ក្រុមហ៊ុន AmruRice, អង្គការអុកស្វាម, អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព, អង្គការ Larive International និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។

គម្រោង «រាយស៍ថេក» ជាគម្រោងមានរយៈពេល៥ឆ្នាំ ដែលផ្តល់ដោយ Sustainable Development Goals (SDG) Partnership Facility តាមរយៈក្រសួងការបរទេស នៃរាជាណាចក្រហូឡង់។

លោក វេង សាខុន បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលហូឡង់ដែលគាំទ្រហិរញ្ញវត្ថុ ដើម្បីអនុវត្តគម្រោងនេះ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Amru Rice ដែលបានខិតខំស្វះស្វែងរកដៃគូជាតិ និងអន្តរជាតិក្នុងបំណងកៀរគរជំនួយ ឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីយកមកអនុវត្តគម្រោង ក្នុងទិសដៅជួយដល់កសិករខ្នាតតូចនៅខេត្តមណ្ឌលគិរី។

លោករដ្ឋមន្រ្ដីបានបន្ដថា គម្រោងនេះកើតឡើងស្របពេលដែល រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដាក់ចេញគោលនយោបាយ និងចក្ខុវិស័យពិតប្រាកដ ក្នុងការធ្វើទំនើបភាវូបនីយកម្មកសិកម្ម មានលក្ខណៈបរិយាប័ន្នធន់នឹង ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងជាលក្ខណ:អន្តរជាតិ ដោយឈរលើគោលការណ៍ធានាគុណភាព អនាម័យ ភូតគាមអនាម័យ (SPS) និងតម្លៃបន្ថែម ដែលតម្រូវឲ្យបានសមស្របទៅនឹងតុល្យភាពនៃ ការប្រើប្រាស់ធនធានដី ទឹក មនុស្ស និងធាតុចូលកសិកម្មផ្សេងៗទៀតផងដែរ។

លោកបានឲ្យដឹងថា នៅឆ្នាំ២០១៨ កម្ពុជាបានក្លាយជាប្រទេសនាំចេញអង្ករមួយ ក្នុងចំណោមប្រទេសនាំចេញអង្ករធំៗទាំង១០លើពិភពលោក។ រយៈពេលបួនឆ្នាំជាប់ៗគ្នា អង្ករក្រអូប, ពូជស្រូវផ្ការំដួលរបស់កម្ពុជា ត្រូវបានទទួលស្គាល់ថាមានគុណភាពល្អ និងរសជាតិឆ្ងាញ់ជាងគេបំផុតលើពិភពលោក។

លោកបានបន្ថែមថា ព្រមជាមួយសមិទ្ធផលនេះ វិស័យស្រូវ-អង្ករកម្ពុជាក៏កំពុង មានបញ្ហាប្រឈមសំខាន់ៗមួយចំនួន ជាឧបសគ្គក្នុងការធ្វើឲ្យសម្រេច គោលនយោបាយនាំចេញអង្គរ១លានតោន/ឆ្នាំ របស់រាជរដ្ឋាភិបាលក្នុងនោះមាន៖
១៖ កង្វះទុនសម្រាប់ប្រមូលទិញស្រូវ ខ្វះឡសម្ងួត និងឃ្លាំងស្តុក។
២៖ ការផ្គត់ផ្គង់ធាតុចូលសម្រាប់ធ្វើការកែច្នៃមានតម្លៃខ្ពស់ ព្រមទាំងមធ្យោបាយដឹកជញ្ជូន។
៣៖ ការអនុវត្តវិធានបច្ចេកទេស អនាម័យ និងភូតគាមអនាម័យ ក្នុងរោងម៉ាស៊ីនកិនស្រូវនៅមានកម្រិត។

លោក សុង សារ៉ន បានឲ្យដឹងថា «កិច្ចសហការនេះរៀបចំឡើង ដើម្បីអនុវត្តខ្សែច្រវាក់ផលិតកម្មស្រូវ ប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្នភ្ជាប់ ទៅនឹងអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ ជាមួយអ្នកពាក់ព័ន្ធសំខាន់ដែលជាកសិករខ្នាតតូច។

លោកបានបន្ដថា តាមរយៈការធ្វើកិច្ចសន្យាកសិកម្ម ជាមួយកសិករអាចជួយឲ្យកសិករផ្លាស់ប្តូរ ទៅការអនុវត្តស្រវសរីរាង្គ ដែលមានវិញ្ញាបនប័ត្រ ប្រកបដោយគុណភាព
ក្នុងខេត្តមណ្ឌលគិរី ពង្រឹងកសិកម្មប្រកបដោយនិរន្តរភាពធានាតម្លៃបន្ថែម ទៅដល់ផលិតផលដើម តាមរយៈឧបករណ៍ជាច្រើន សម្រាប់សម្ងួត, កិន និងស្តុក ព្រមទាំងធានាកសិករ ក្នុងការលក់ចេញ ទាំងនេះជាជំហ៊ានដ៏សារសំខាន់ ក្នុងការប្រែកសិករ និងសហគមន៍កសិកម្ម ទៅជាសហគ្រិនកសិកម្មនាពេលអនាគត។

លោក Thomas Van Leeuwen តំណាងឯកអគ្គរដ្ឋទូតហូឡង់ប្រចាំម្ពុជាឲ្យដឹងថា ការសហការគ្នានូវគម្រោង «រាយស៍ថេក» ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍សម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានជោគជ័យ។

លោកបានបន្ដថា សូមលើកកម្ពស់ឲ្យភាគីពាក់ព័ន្ធទាំងអស់ សហការគ្នាបង្កើតនូវគុណតម្លៃស្រូវសរីរាង្គសម្រាប់ប្រទេសកម្ពុជា។

លោកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាមឲ្យដឹងថា «អង្គការអុកស្វាមជឿជាក់ថា
កសិករខ្នាតតូចសមនឹងទទួលបាន ផលចំណេញសមរម្យសមទៅនឹងតម្លៃបន្ថែម ក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ ហើយទាំងនេះអាចសម្រេចបាន តាមរយៈខ្សែច្រវាក់ផលិតកម្មប្រកបដោយបរិយាបន្ន ដែលជំរុញដោយដៃគូទាំងអស់។ ភាពជាដៃគូនេះកើតឡើងដោយ គម្រូធុរកិច្ចប្រកបដោយបរិយាបន្ន សម្រាប់ជាប្រយោជន៍ដល់កសិករខ្នាតតូច, ក្រុមហ៊ុនឯកជន, អ្នកប្រើប្រាស់ និងរាជរដ្ឋាភិបាល។ អង្គការអុកស្វាមសូមអរគុណដៃគូទាំងអស់ ដែលបានរួមគ្នាក្នុងដំណើរនេះ ដើម្បីផ្លាស់ប្តូរជីវិតកសិករខ្នាតតូច ជាពិសេសស្ត្រី»

លោក Robert Vreeman ប្រធាន SanoRice Holding B.V. ឲ្យដឹងថា ក្រុមហ៊ុន SanoRice
បន្ថែមជំនាញការសុវត្ថិភាពអាហារ ដល់កម្រិតមួយដូចគ្នានឹងអាហារកូនក្មេង។ ជាមួយនឹងជំនាញការនេះ យើងអាចធានាបាននូវសុវត្ថិភាពច្រវាក់ផលិតកម្មពីកសិករ ក្នុងខេត្តមណ្ឌលគិរី តាមរយៈកំពង់ផែនៅទីក្រុង Rotterdam ទៅអ្នកប្រើប្រាស់ចុងក្រោយ។ លោកបានបន្ដថា យើងជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ ឲ្យកាន់តែប្រសើរឡើង ដោយអនុវត្តវិញ្ញាបនប័ត្រស្រវសរីរាង្គ និងវិធីសាស្រ្តការតាមដានត្រួតពិនិត្យ តាមបែបទំនើបដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា ប្លុកឆេន ជាដើម។ ការចូលរួមដ៏សំខាន់ពី ក្រុមហ៊ុន SanoRice ក្នុងគម្រោងនេះគឺធានាទំហំស្រូវនាំចេញ និងតម្លៃខ្ពស់ដល់កសិករមូលដ្ឋាន និងផ្តល់ឲ្យកសិករនូវតម្លៃទីផ្សារខ្ពស់ទៅអឺរ៉ុប៕