(កំពត)៖ បើទោះបីដៃកំពុងតែមមាញឹកក្នុងការស្ទូងស្រូវ នៅឯវាលស្រែដ៏ធំល្វឹងល្វើយប្រជាកសិករ រស់នៅខេត្តកំពត បាននាំគ្នាលើកឡើងថា ពួកគាត់ពិតជាស្អប់ ទណ្ឌិត សម រង្ស៉ី ខ្លាំងណាស់ដែលហ៊ានប្រមាថព្រះចេស្ដារអង្គព្រះមហាក្សត្រ ហើយក្នុងនាមពួកគាត់ជាជនជាតិខ្មែរ មិនចង់ឲ្យលោក សម រង្ស៉ី វិលត្រឡប់ចូលស្រុកវិញនោះទេ។
ប្រជាកសិករទាំងអស់នោះ បាននាំគ្នាអះអាងទៀតថា លោក សម រង្ស៉ី ដែលបានជួយអ្វីដល់ពួកគាត់នោះទេ ពោលមានតែបំផុសបំផុលឲ្យប្រជាពលរដ្ឋ ប្រព្រឹត្តទង្វើខុសច្បាប់ តាមបំណងរបស់ខ្លួនដែលចង់បានអំណាចដោយមិនខ្វល់ពីអ្វីតែប៉ុណ្ណោះ។
ក្រុមប្រជាពលរដ្ឋបាននាំគ្នាលើកឡើងយ៉ាងដូច្នេះថា « ខ្ញុំជាប្រជាពលរដ្ឋស្អប់ សម រង្ស៉ី អត់ចង់ឲ្យចូលមកប្រទេសយើងវិញ ព្រោះអត់មានផលប្រយោជន៍អី ដល់យើងដែលជាប្រជារាស្ដ្រសោះ។ ចំណែកខ្ញុំវិញ ស្អប់ណាស់ សម រង្ស៉ី ខ្ញុំសូមថ្កោលទោសកុំឲ្យចូលស្រុកវិញ។ ខ្ញុំសូមថ្កោលទោស សម រង្ស៉ី ដែលគាត់បានប្រមាថព្រះមហាក្សត្រយើង ហើយក៏អត់បានធ្វើឲ្យមានផលប្រយោជន៍អីដល់ប្រជាជនដែរ បានតែបំផុសបំផុលប្រជាជនឲ្យអាក្រក់តាមគាត់ដែរ»។
សូមជំរាបថា នៅក្នុងកិច្ចសម្ភាសន៍វិទ្យុអាស៊ីសេរី (RFA) នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ, សម្តីជនថោកទាប ក្បត់ជាតិសាសន៍ ក្បត់ព្រះមហាក្សត្រគឺទណ្ឌិត សម រង្ស៉ី បានបន្តប្រមាថព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរ យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងកម្មវិធី Hello VOA ដោយប្រើពាក្យប្រមាថធ្ងន់ៗបំផុត។
សម្តីជនថោកទាប សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «...ព្រះមហាក្សត្រមិនដែលបើកព្រះនេត្រ ឃើញទុក្ខវេទនារបស់ប្រជារាស្រ្តខ្មែរទេ ព្រះមហាក្សត្រសព្វថ្ងៃ ដូចខ្ញុំនិយាយម្តងទៀត ចង់កាត់ទោសខ្ញុំមួយម៉ឺនដងទៀត អត់ខ្វល់ដែរ ព្រះមហាក្សត្រសព្វថ្ងៃ ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃជាអាយ៉ងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃ ធ្វើអ្វីតាមដែល ហ៊ុន សែន បញ្ជាឲ្យព្រះអង្គធ្វើទាំងអស់ ដូច្នេះព្រះមហាក្សត្រសព្វថ្ងៃ ជាព្រះមហាក្សត្រអត់បានការ អត់ប្រយោជន៍ ខ្ញុំអត់ចាប់អារម្មណ៍ អត់គោរពព្រះមហាក្សត្រសព្វថ្ងៃ....»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។
ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីប្រឆាំង និងផ្តួលរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត៕