(កណ្ដាល)៖ ដោយបុណ្យភ្ជុំបិណ្ឌធំខិតជិតមកដល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រជាពលរដ្ឋដែលនៅរាជធានីភ្នំពេញ បាននិងកំពុងសម្រុកចាកចេញឆ្ពោះទៅស្រុកកំណើតរៀងៗខ្លួន ឆ្លងកាត់តាមខេត្តកណ្ដាល តាមបណ្ដោយផ្ល្លូវជាតិសំខាន់ៗជាច្រើនដូចជា ផ្លូវជាតិលេខ១, ផ្លូវជាតិលេខ២, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦ ជាដើម ខណៈដែលចរាចរណ៍មមាញឹកគ្រប់ស្ថានភាពផ្លូវ។

លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្ដាលទទួលផែនចរាចរណ៍ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី២៦ ខែកញ្ញានេះថា ប្រជាពលរដ្ឋបាននិងកំពុងសម្រុកចាកចេញទៅស្រុកកំណើត ឆ្លងកាត់តាមខេត្តកណ្ដាល ហាក់មមាញឹកខ្លាំងណាស់ រាប់ចាប់តាំងពីម្សិលមិញ ពោលគឺថ្ងៃទី២៥ ខែកញ្ញា។ នៅថ្ងៃនេះ ចាប់តាំងពីព្រឹកព្រលឹមមក ប្រជាពលរដ្ឋបានចាកចេញទៅស្រុកយ៉ាងច្រើនកុះករ ខ្លះមានរថយន្តតូច ធំ ម៉ូតូគ្រប់ស៊េរី មើលទៅអ៊ូអរណាស់ រីឯកម្លាំងសណ្ដាប់ធ្នាប់វិញ ក៏បានរៀបចំបានល្អប្រសើរផងដែរ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ណាមួយ ពិសេសគឺក្រុងតាខ្មៅ។

លោកស្នងការរងបន្តថា គិតមកដល់ថ្ងៃរសៀលនេះ ចរាចរណ៍ហាក់មានភាពធូរស្បើយបន្តិចនៅតាមបណ្ដាផ្លូវជាតិមួយចំនួន រីឯផ្លូវជាតិមួយចំនួនទៀត ហាក់កំពុងញញឹកដដែល។

លោកស្នងការរងសំនូមពរពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ និងគោរពតាមពាក្យ «ថ្ងៃនេះថ្ងៃស្អែកកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍» បើកបរសូមមានការយោគយល់អធ្យាស្រ័យគ្នាល្អ បើកបរគោរពច្បាប់ចរាចរណ៍ គោរពសិទ្ធិអាទិភាព និងបើកបរដោយគ្មានសារធាតុស្រវឹង។ ចំពោះម៉ូតូត្រូវពាក់មួក ចំពោះឡានតូចធំ ត្រូវពាក់ខ្សែរក្រវ៉ាត់ និងកុំជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម៕