(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសម្រេចចោទប្រកាន់លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត ពីបទ «ឧបឃាត» ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា ក្រៅពីនោះអ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារខាងលើនេះ នឹងត្រូវប្រឈមមុខការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោស តាមច្បាប់ពី «បទរួមគំនិតក្បត់» ដែលអាចមានទោសពី ៥ឆ្នាំ ទៅ២០ឆ្នាំ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងយ៉ាងដូច្នេះថា «អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ មនុស្សចំនួន០៩នាក់ រួមមានឈ្មោះ សម រង្ស៉ី, ឈ្មោះ អេង ឆៃអ៊ាង, ឈ្មោះ មូរ សុខហួរ, ឈ្មោះ អ៊ូ ច័ន្ទឬទ្ធិ, ឈ្មោះ ហូរ វ៉ាន់, ឈ្មោះ ឡុង រឺ, ឈ្មោះ ម៉ែន សុថាវរិន្រ្ទ, ឈ្មោះ ជូឡុង សូមួរ៉ា និងឈ្មោះ នុត រំដួល ព្រមទាំងគូកន ពីបទឧបឃាត ដោយយោងតាមមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចមានទោសពី ១៥ឆ្នាំ ទៅ៣០ឆ្នាំ»។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ផែនការដែលមានក្នុងអង្គហេតុខាងលើ គឺជាឧក្រិដ្ឋកម្មប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខ នៃរដ្ឋ ហើយអ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារខាងលើនេះ នឹងត្រូវប្រឈមមុខ នឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោស តាមច្បាប់ពី «បទរួមគំនិតក្បត់» ដែលអាចមានទោសពី ៥ឆ្នាំ ទៅ២០ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងអ្នកពាក់ព័ន្ធទាំងនោះ បានចូលមកសារភាព បានទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងអោយរួចពីទោសតាមបញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងអង្គហេតុនៃ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្ដួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយមានការអំពាវនាវ និងប្រើប្រាស់ថវិកាប៉ុនប៉ងបង្កើតកងកម្លាំង ឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ៕