(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអះអាងបញ្ជាក់ថា ដីការបស់តុលាការកម្ពុជាស្តីពីការតាមចាប់ខ្លួនទណ្ឌិត សម រង្ស៉ី និងបក្ខពួកនោះ ត្រូវបានបញ្ជូនទៅដល់ប្រទេសជាសមាជិកអាស៊ានរួចអស់ហើយ និងបានចំអកឲ្យទណ្ឌិតក្រៅស្រុករូបនោះកុំសង្ឃឹមខ្ពស់ពេក។
ការថ្លែងយ៉ាងដូច្នេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,១៨៣នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។
សម្ដេចតេជោ ហ៊ុន សែន បានពន្យល់បំភ្លឺថា រឿងដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ បញ្ជាក់ប្រាប់សារព័ត៌មានថា មិនទាន់ទទួលបានដីកាតុលាការពីកម្ពុជានៅឡើយនោះ គឺប្រហែលជាបែបបទនីតិវិធីតែប៉ុណ្ណោះ ដែលនាំឲ្យមានភាពយឺតយ៉ាវមិនទាន់ទៅដល់ដៃរបស់លោក មហាធៀ យ៉ាងដូច្នោះ។
សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ប៉ុន្តែទោះជាយ៉ាងណា កម្ពុជាបានផ្ញើដីកាស្តីពីការតាមចាប់ខ្លួនទណ្ឌិត សម រង្ស៉ី និងបក្ខពួកនោះ ទៅដល់បណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់រួចរាល់ហើយ»។
មិនតែប៉ុណ្ណោះ សម្ដេចបានចំអកឲ្យទណ្ឌិត សម រង្ស៊ី ទៀតថា ហេតុអ្វីក៏សង្ឃឹមខ្លាំងម៉្លេះ? «គិតថាកម្មករនៅប្រទេសថៃគាំទ្រឯងទាំងអស់មែន កម្មករនៅកូរ៉េ នៅម៉ាឡេស៊ី គាំទ្រឯងទាំងអស់ឬយ៉ាងម៉េចហ្នឹង? គិតអីក៏ងាយម៉េះ?»។
សម្ដេចបានបង្ហាញផលវិបាកនៃការកៀរគរមនុស្សរាប់លាននាក់មកធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាល របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជារបស់ទណ្ឌិត សម រង្ស៉ី នេះ មិនងាយស្រួលជាងការបញ្ជូនកងទ័ពទៅគោលដៅណាមួយនោះឡើយ។
ជាការពិតណាស់ ថ្ងៃទី៩ ខែវិច្ឆិកា ខាងមុននេះ មិនមែនជាថ្ងៃរដ្ឋប្រហារដូចពាក្យបោកប្រាសរបស់ទណ្ឌិត សម រង្ស៊ី នោះឡើយ តែជាថ្ងៃទទួលទានអំបុកខ្មែរ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអ៊ុទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏សប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ក៏ដូចជាក្រៅប្រទេសផងដែរ៕