(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានក្រើនរំលឹកដល់កម្លាំងអាវុធហត្ថ ដែលជាអ្នកអនុវត្តច្បាប់, កម្លាំងអន្តរាគមន៍ត្រៀមខ្លួន ការពាររាជរដ្ឋាភិបាលស្របច្បាប់, ត្រៀមកំចាត់ក្រុមឧទាមក្រៅច្បាប់ទណ្ឌិត សម រង្សី ដែលថាក្រុមគេចូលស្រុក នៅថ្ងៃ០៩ ខែវិច្ឆិកា ខាងមុខ។
ការក្រើនរំលឹកបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបំប៉នជំនាញការពារសន្តិសុខសណ្តាប់ធ្នាប់ ដល់សិក្ខាកាមចំនួន៥៣នាក់ នាសាលប្រជុំ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ។
ពិធីបិទវគ្គបំប៉នជំនាញ ខាងលើនេះ ក៏មានការចូលរួមលោកមេបញ្ជាការរង, នាយរងសេនាធិការ, ប្រធាន អនុប្រធានមន្ទីរ, លោកមេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុក-ក្រុង និងពលទាហាន នៃកងរាជអាវុធហត្ថ ជាច្រើនរូបទៀតផងដែរ។
មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានថ្លែងថា វគ្គបំប៉នជំនាញ គឺអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឲ្យកម្លាំងអាវុធយើង មានជំនាញចំណេះគ្រប់គ្នា ហើយលោកក៏បានកោតសរសើរ ដល់សិក្ខាកាមទាំងអស់ ដែលបានខិតខំក្រេបជញ្ជក់យកចំណេះដឹង ទៅអនុវត្ត ដើម្បីបំរើប្រទេសជាតិ និងប្រជាពលរដ្ឋ។
បន្ថែមលើនេះ លោកមេបញ្ជការ ក៏បានក្រើនរំលឹកដល់កម្លាំងអាវុធហត្ថ ដែលជាអ្នកអនុវត្តច្បាប់, កម្លាំងអន្តរាគមន៍ត្រៀមខ្លួន ការពាររាជរដ្ឋាភិបាលស្របច្បាប់, ត្រៀមកំចាត់ក្រុមឧទាមក្រៅច្បាប់ទណ្ឌិត សម រង្សី ដែលថាក្រុមគេចូលស្រុក នៅថ្ងៃ០៩ ខែវិច្ឆិកា ខាងមុខផងដែរ។
របាយការណ៍ដែលអាន ដោយលោកវរសេនីយ៍ត្រី មាស សុផល គ្រូឧទ្ទេសនាម បានបង្ហាញថា វគ្គជំនាញបំប៉ននេះ មានរយៈពេល៣០ថ្ងៃ ស្មើនឹង១៨០ម៉ោង (ថ្ងៃឈប់សម្រាកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ចំនួន៨ថ្ងៃ ស្មើនឹង៤៨ម៉ោង។ ដោយផ្តោតសំខាន់ទៅលើការថែទាំអាវុធ (ចំនួន២០ម៉ោង) និងគោលការទូទៅនៃការរក្សាសណ្តាប់ធ្នាប់ (ចំនួន៧២ម៉ោង)។
លោកវរសេនីយ៍ត្រី មាស សុផល គ្រូឧទ្ទេសនាមបន្តថា ក្នុងចំណោមសិក្ខាកាមទាំងអស់ខាងលើ បញ្ចប់វគ្គដោយទទួលនិទ្ទេសល្អ ចំនួន២០នាក់ ស្មើនឹង៣៧.៧ភាគរយ, និទ្ទេសមធ្យមចំនួន២៧នាក់ ស្មើនឹង៥០.៩ភាគរយ និងនិទ្ទេសខ្សោយចំនួន៦នាក់ ស្មើនឹង១១.៣ភាគរយ៕