(ព្រះសីហនុ)៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នាសាលាខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យគោលការណ៍ ដោះស្រាយបញ្ហាសេសសល់ ដែលពាក់ព័ន្ធដីក្នុង គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សមាជិកក្រុមការងារ និងមន្រ្តីជំនាញពាក់ព័ន្ធ។
ជាលទ្ធផល អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១៖ បន្តទប់ស្កាត់ និងមានវិធានការលើ៖
- សំណង់ជាប់របងជុំវិញដីបរិវេណអាកាសយានដ្ឋាន
- ការចូលសាងសង់សំណង់ក្នុងតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋាន
- ការសាងសង់សំណង់នៅចុងផ្លូវរត់ទិស២១ និងទិស០៣
២៖ រាល់ការអនុញ្ញាតសាងសង់សំណង់ នៅក្នុងតំបន់ប្រតិបត្តិការអាកាសយានដ្ឋាន ត្រូវអនុលោមទៅតាមសេចក្តីកំណត់ ស្តីពីការគ្រប់គ្រងកម្ពស់ឧបសគ្គព្រលានយន្តហោះ នៃអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
៣៖ ប្រគល់ភារកិច្ចជូនអាជ្ញាធរដែនដីខេត្តព្រះសីហនុ (ភូមិ ឃុំ ស្រុក និងខេត្ត) បន្តកិច្ចពិភាក្សារកដំណោះស្រាយ ជាមួយប្រជាពលរដ្ឋ ដែលបាននឹងកំពុងរស់នៅជាប់ក្បែររបង អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយផ្អែកលើគោលការណ៍ដែលមានស្រាប់ និងរាយការណ៍ជូនក្រុមការងារពិនិត្យ និងដោះស្រាយ។
៤៖ ប្រគល់ភារកិច្ចជូនក្រុមការងារ ដោះស្រាយផលប៉ះពាល់ដី ក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បន្តពិភាក្សារកដំណោះស្រាយ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំនួន៧គ្រួសារ ក្នុងដីគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយឈរលើគោលការណ៍ របស់រាជរដ្ឋាភិបាល។
៥៖ ប្រគល់ភារកិច្ចជូន លោក សយ សុខាន់ អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអនុប្រធានប្រចាំការ នៃក្រុមការងារដោះស្រាយផលប៉ះពាល់ដី ក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បន្តតាមដានការអនុវត្តគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន និងការសាងសង់របងការពារ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
៦៖ ប្រគល់ភារកិច្ចជូន លោក ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន ក្រុមការងារដោះស្រាយផលប៉ះពាល់ដី ក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ ជួយសម្របសម្រួលជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការផ្តល់និងផ្ទេរថវិកា សម្រាប់ដោះស្រាយទូទាត់សំណងផលប៉ះពាល់ដី ក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ៕