(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ បានអះអាងថា កម្លាំងសមត្ថកិច្ចមិនអត់ឱនឲ្យនោះទេចំពោះ អ្នកដែលចូលរួមក្នុងសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយសមត្ថកិច្ចនឹងធ្វើការចាប់ខ្លួនជាបន្ដបន្ទាប់ចំពោះអ្នកប្រព្រឹត្តខុសទាំងនោះ។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ទៀតថា ចាប់ខ្លួនរបស់កម្លាំងសមត្ថកិច្ចមួយរយៈពេលចុងក្រោយនេះ មិនមែនជាការគំរាមកំហែងខាងផ្នែកនយោបាយ ឬការបញ្ចេញមតិនោះឡើយ ពោលសមត្ថកិច្ចមើលឃើញថា អ្នកទាំងអស់នោះបានដើរហួសព្រំដែនកំណត់ ហើយបាននិងកំពុងអនុវត្តតាមអ្វីដែលជាការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដែលមានចេតនាចង់ធ្វើរដ្ឋប្រហារ និងប្ដូររបបរាជានិយមជាដើម។

ក្នុងបទសម្ភាសន៍ខ្លីជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់មហាសន្និបាតអាណត្តិទី២ របស់សមាគមជាតិប្រឹក្សារាជធានី-ខេត្ត នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «អ្នកលើកឡើងមតិខុសគ្នា ប៉ុន្ដែត្រង់ថាបើគាត់ធ្វើសកម្មភាពគាំទ្រអ្វីដែល សម រង្ស៉ី បានសម្រេចចិត្ត បានប្រកូកប្រកាស នេះជាការខុសច្បាប់ អាហ្នឹងដើរហួស ដូច្នេះវាមិនមែនជាការគំរាមកំហែងទៅលើសិទ្ធិបញ្ចេញមតិនោះទេ បានន័យពួកគាត់ធ្វើបំពានច្បាប់ ការប្រមាថព្រះមហាក្សត្រ ឬក៏គាត់ចង់ធ្វើរដ្ឋប្រហារ តាមរយៈបដិវត្តពណ៌ ការប្រមូលកម្លាំងមហាជនផ្ដួលរំលំរដ្ឋាភិបាល អាហ្នឹងវាហួសក្របខ័ណ្ឌ ហើយការចាប់ខ្លូន នឹងមើលតាមជាក់ស្ដែង»

សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ជនពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាច្រើននាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់អំពីបទ «រួមគំនិតក្បត់»

ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ មានអ្នកខ្លះបានព្យាយាមរត់គេខ្លួនឆ្លងខេត្ត និងឆ្លងប្រទេស ប៉ុន្តែក៏នៅតែមិនអាចរួចផុតពីការចាប់ខ្លួនផងដែរ។ ចំណែកអ្នកនៅក្រៅប្រទេស ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលប្រទេសនោះ ដើម្បីចាប់ខ្លួន។

ទោះជាយ៉ាងនេះក្តីបើតាម អ្នកនាំពាក្យក្រសួងយុត្តិធម៌ បើសិនជាអ្នកពាក់ព័ន្ធក្នុងផែនការរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ណាមួយចូលសារភាព នោះពួកគេនឹងត្រូវបានរួចផុតពីទោសផងដែរ។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា។ ជាមួយនឹងការប្រកាសនេះ លោកបានអំពាវនាវឲ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនដោយមានថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឲ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កន្លងទៅថ្មីៗនេះ ក៏បានប្រាប់ទៅសម្តេចពិជ័យសេនា ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវកម្ចាត់ក្រុមឧទ្ទាម សម រង្ស៊ី ព្រោះជាភារកិច្ចកងទ័ព៕