(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលជួបលោក MIKAMI Mashahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រជប៉ុន ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងនៅព្រឹកថ្ងៃពុធ ១១ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩។

ក្នុងជំនួបពិភាក្សានោះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងបានលើកឡើងពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា-ជប៉ុន ព្រមទាំងថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជាមិត្តដ៏ល្អក្នុងការចូលរួមចំណែកយ៉ាងសំខាន់តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍នៅកម្ពុជា។ ដោយឡែក ក្នុងក្របខ័ណ្ឌក្រសួងឧស្សាហកម្ម និងសិប្បកម្ម រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ក៏ដូចជាភ្នាក់ងារផ្សេងៗ បានផ្តល់ជំនួយអភិវឌ្ឍន៍ និងបច្ចេកទេសជាច្រើន ជាពិសេសលើវិស័យទឹកស្អាត។

លោកកិត្តិសេដ្ឋាបណ្ឌិតសង្ឃឹមថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក MIKAMI Mashahiro នៅកម្ពុជានឹងពង្រឹងពង្រីកបានថែមទៀត នូវទំនាក់ទំនងទ្វេរភាគីលើគ្រប់វិស័យ។ ក្នុងនោះ គឺបន្តអភិវឌ្ឍន៍លើវិស័យទឹកស្អាតទាំង ក្នុងគម្រោងដែលមានស្រាប់ និងគម្រោងថ្មីៗបន្ថែមទៀត ក្នុងតំបន់គោលដៅជាច្រើន ជាពិសេសគឺទឹកស្អាតជនបទ ដែលជាទស្សនៈវិស័យថ្មី របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

លោកឯកអគ្គរាជទូតជប៉ុន MIKAMI Mashahiro បានសម្តែងនូវទឹកចិត្តរីករាយ ចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា និងថ្លែងការកោតសរសើរ ចំពោះភាពរីកចម្រើនយ៉ាង ឆាប់រហ័សរបស់កម្ពុជា ទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងកត្តាសេដ្ឋកិច្ចជារួម។

លោកឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា នឹងខិតខំពង្រឹងទំនាក់ទំនង ជាពិសេសគឺជួយទាក់ទាញអ្នកវិនិយោគជប៉ុន ឲ្យបានកាន់តែច្រើនថែមទៀតមកកម្ពុជា ពីព្រោះលោកបានមើលឃើញពីស្ថានភាពអំណោយផល និងសក្តានុពលដ៏ល្អប្រសើរនៅកម្ពុជា។ ក្នុងនោះ នឹងបន្តគម្រាងអភិវឌ្ឍន៍នានា ជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទូលំទូលាយ។

ស្ថិតក្នុងឱកាសនោះផងដែរ ដៃគូសន្ទនា ក៏បានពិភាក្សាបញ្ហាកិច្ចសម្រួលពាណិជ្ជកម្មតាមព្រំដែន ក្របខ័ណ្ឌដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងលទ្ធផលនៃការកិច្ចសហប្រតិបត្តិការ លើវិស័យប្រកាសនីយបត្រតក្កកម្ម (Patent) រវាងកម្ពុជា-ជប៉ុន ដែលជាគន្លឹះដ៏សំខាន់មួយសម្រាប់ការទាក់ទាញការវិនិយោគ និងផ្តល់ទំនុកចិត្តកាន់តែច្រើនឡើង ពីវិនិយោគិនជប៉ុនមកកម្ពុជា៕