(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធ្វើកំណែទម្រង់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដៅបង្កើនការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងពិធីបិទមហាសន្និបាត អាណត្តិទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា ក្រុមប្រឹក្សាឃុំសង្កាត់ ក៏ត្រូវបន្ដផ្ដោតការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងចាត់ចែង និងប្រើប្រាស់ថវិកាដែលរាជរដ្ឋាភិបាលទម្លាក់ជូន ឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពដូចអ្វីដែលបានកំណត់។
សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា រាជរដ្ឋាភិបាលក៏បានបង្កើននូវថវិកា ដើម្បីផ្ទេរបន្ថែមទៀតរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ចំណាយអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣។ សម្ដេចបានបន្ថែមថា តាមការប៉ាន់ស្មាន់ថវិកានេះ នឹងកើនដល់ ១៣២ពាន់ដុល្លារ នៅឆ្នាំ២០២៣ ដែលចំនួននេះមិនគិតពីថវិការដ្ឋបាលផ្សេងទៀតនោះឡើយ។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានបោះបង់ចោល ឬមិនយកចិត្តទុកដាក់ ដល់ការធ្វើកំណែទម្រង់រដ្ឋបាល នៅថ្នាក់ក្រោមជាតិនោះទេ បើទោះបីស្ថានភាពលំបាកយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្ដធ្វើយ៉ាងណា ដើម្បីឲ្យកំណែទម្រង់នេះនៅតែបន្ដដើរទៅមុខ ហើយទទួលបានជោគជ័យជាបន្ដបន្ទាប់ផងដែរ។
ក្នុងនាមក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏សម្ដែងនូវការអបអរសាទរចំពោះរដ្ឋបាលថ្នាក់ឃុំសង្កាត់ ដែលត្រូវបានរាជរដ្ឋាភិបាលផ្ដល់ការទុកចិត្ត និងមានភាពជឿជាក់លើការដឹកនាំរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងការចូលរួមផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋានដើម្បីឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបន្ដផ្ដោតការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាទាំងអស់នេះ ឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដែលនេះជាចំណុចសំខាន់៕