(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ នឹងអញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩-១០ តុលា ២០១៩)។

ពិធីនេះនឹងធ្វើឡើងនៅសាលសន្និសីទចតុមុខ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងរាជរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អង្គទូត តំណាងអង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជាសរុបប្រមាណ ៦០០នាក់។

ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំ។ ក្រោយពេលបង្កើតឡើងវិញ ធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារចេញពីចំណុចសូន្យ និងបានឆ្លងកាត់នូវដំណាក់កាលអភិវឌ្ឍន៍ជាច្រើនដោយជោគជ័យ ហើយមកទល់បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា បានពង្រឹងខ្លួនជាលំដាប់ ជាមួយនឹងសាខារាជធានី-ខេត្តចំនួន១៩ នៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវប្រព័ន្ធរូបិយវត្ថុ និងធានាគារប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត។

ទន្ទឹមនេះវិស័យធនាគារបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាពិសេសក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ជាពិសេសប្រព័ន្ធទូទាត់សងប្រាក់ ក៏ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ ពង្រឹងប្រសិទ្ធភាព និងសុវត្ថិភាពនៃការទូទាត់។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា គឺជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា និងជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា។ បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយពិគ្រោះជាមួយរាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌ នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា មានសិទ្ធិផ្តាច់មុខក្នុងការបោះផ្សាយប្រាក់រៀល ដែលជារូបិយវត្ថុជាតិ។ ធនាគារជាតិនៃកម្ពុជាជាអ្នករក្សាស្ថិរភាពរូបិយវត្ថុ។ ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ជាអ្នកផ្តល់ និងដកហូតអាជ្ញាប័ណ្ណ ចេញបទប្បញ្ញត្តិនិងត្រួតពិនិត្យ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។

លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជាធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ចនិងរូបិយវត្ថុជាប្រចាំចេញផ្សាយរបាយការណ៍ និងព្រឹត្តបត្រផ្សេងៗ ត្រួតពិនិត្យប្រព័ន្ធទូទាត់ជាតិ ដំឡើងតារាងស្ថិតិជញ្ជីងទូទាត់ និងចូល រួមក្នុងការគ្រប់គ្រងបំណុល និងឥណទេយ្យក្រៅប្រទេស។

ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីទទួលបានឯករាជ្យពីអាណានិគមបារាំង។ ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ធនាគារជាតិនៃកម្ពុជា ត្រូវបានបិទទ្វារដោយសាររបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ អគារស្នាក់ការត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង។

ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ បន្ទាប់ពីប្រទេសត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ ធនាគារជាតិនៃកម្ពុជាត្រូវបានកសាងឡើងវិញពីចំណុចសូន្យ។ ទន្ទឹមនោះ រូបិយវត្ថុជាតិ ក៏ត្រូវបានបោះផ្សាយឡើងវិញ។

ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន ប្រព័ន្ធធនាគារត្រូវបានពង្រឹង និងធ្វើទំនើបភាវូបនីយកម្មជាលំដាប់។ កម្ពុជា ក៏បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេនៅលើពិភពលោកផងដែរ។

បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា មានលោក ជា ចាន់តូ ជាអគ្គទេសាភិបាល ហើយមានបុគ្គលិកសរុបប្រមាណ ១,៣៨៤នាក់៕

Advertising