(សៀមរាប)៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ឈុន វាន ភេទប្រុស អាយុ៣០ឆ្នាំ ដែលពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ នេះបើតាមអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប។
អ្នកនាំពាក្យបានបញ្ជាក់ថា ជនត្រូវចោទត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ១១៩៨ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ពីបទ រួមគំនិតក្បត់ ដោយយោងតាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងអង្គហេតុនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា ផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី ដោយមានការអំពាវនាវ និង ប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បញ្ជាក់ជូនថា ដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប៖