(ពោធិ៍សាត់)៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយ អប់រំ និងត្រួតពិនិត្យទំនិញ ម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារមេទឹក និងតូបលក់ចាប់ហួយនានា នៅក្នុងភូមិចិនតាយ និងភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ ទំនិញខូចគុណភាព ហួសថ្ងៃកំណត់ប្រើប្រាស់ ដោយបានធ្វើកំណត់ហេតុ ដកហូតទំនិញ ចំនួន០៦មុខ សរុប១៩៩,៣គីឡូក្រាម យកទៅដុតកំទេចចោល នៅចំពោះមុខសមត្ថកិច្ច និងម្ចាស់ទំនិញផ្ទាល់។

លោកប្រធានសាខាកាំកុងត្រូលបានបន្ថែមថា ក្នុងនោះក្រុមការងារយើង ក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ «Poster» ផងដែរ។

លោក តូច ចៅកុយ ក៏បានណែនាំអាជីវករ ឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់៕

Advertising